ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​មាន​សកម្មភាព​ជាក់ស្តែង ដើម្បី​បន្ថយកំដៅ និងស្ដារសន្ដិភាពឡើងវិញនៅ​មជ្ឈិមបូព៌ា

xinhua

ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការជាក់ស្តែង ដើម្បីជំរុញឱ្យមានការថយចុះ និងការស្ដារឡើងវិញនូវសន្តិភាពនិងភាពស្ងប់ស្ងាត់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសុន្ទរកថានៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ាថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការធ្វើឃាតមេដឹកនាំនយោបាយហាម៉ាស់លោក Ismail Haniyeh ដែលបានកើតឡើងនៅរដ្ឋធានីតេអេរ៉ង់ រួមទាំងសំណួរប៉ាឡេស្ទីនផងដែរ។

ដោយថ្កោលទោសទង្វើនេះថា ជាការប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងគ្រាន់តែជាន់ឈ្លីលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិនៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋទាំងអស់នោះ។

លោកបានលើកឡើងថា ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃចលាចលនៅក្នុងតំបន់ ដែលឧប្បត្តិហេតុនេះអាចកើតឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ចរចា​បទ​ឈប់​បាញ់ ជាងពីរខែមុន ដែលក្រុមប្រឹក្សាបានអនុម័តដំណោះស្រាយលេខ ២៧៣៥។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ការចរចាបទឈប់បាញ់មិនទាន់ទទួលបានលទ្ធផលអ្វីនៅឡើយទេ ខណៈដែលឥទ្ធិពលលេចធ្លាយនៃជម្លោះនេះអាចមើលឃើញកាន់តែខ្លាំងឡើង ជាមួយនឹងភាពតានតឹងរវាងប្រទេសលីបង់ និងអ៊ីស្រាអែល រវាងស៊ីរី និងអ៊ីស្រាអែល ហើយស្ថានភាពនៅសមុទ្រក្រហម បានបន្លឺសំឡេងរោទិ៍ជាញឹកញាប់។

នៅក្នុងនោះដែរ លោក​បាន​ព្រមាន​ថា ស្ថានការណ៍​មជ្ឈិមបូព៌ា​កំពុង​ជាប់​គាំង​ដោយ​ខ្សែ​ស្រឡាយ មានន័យថា មានភាគីបាល់ព័ន្ធចូលរួមច្រើន ដែល​ជា​កង្វល់​របស់​សហគមន៍​អន្តរជាតិ។

លោកបន្ដថា “ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានភាព ភាគីពាក់ព័ន្ធត្រូវតែគោរពតាមការអំពាវនាវរបស់អន្តរជាតិឱ្យមានការឈប់បាញ់ និងការបញ្ឈប់ការប្រយុទ្ធគ្នា” ដោយជំរុញឱ្យភាគីនានាអនុវត្តដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខឱ្យបានពេញលេញ សម្របសម្រួលយ៉ាងសកម្មជាមួយ និងគាំទ្រការិយាល័យល្អអន្តរជាតិ និងទទួលយកសកម្មភាពជាក់ស្តែង ដើម្បីជំរុញឱ្យមានការថយចុះ និងការស្ដារឡើងវិញនូវសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងតំបន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top