ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ីកូ៖ ជំហររបស់អាមេរិក លើការបោះឆ្នោត វេណេស៊ុយអេឡា ជាទង្វើមិនប្រុងប្រយ័ត្ន

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador  បានឲ្យដឹងថា ជំហររបស់សហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅវេណេស៊ុយអេឡា នាពេលថ្មីៗនេះ គឺ “មិនប្រុងប្រយ័ត្ន” ហើយបានបន្តការអំពាវនាវរបស់លោក សម្រាប់សហគមន៍អន្តរជាតិ ឱ្យជៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកប្រធានាធិបតីម៉ិកស៊ិករូបនេះ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ដូចដែលធ្វើឡើងដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ មិនអាចជួយដោះស្រាយជម្លោះ ការបោះឆ្នោតនៅក្នុងប្រទេសវេណេស៊ុយអេឡានោះទេ។

លោក Lopez Obrador បានឲ្យដឹងនៅពេលសួរដោយអ្នកកាសែតថា តើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken អាចធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ កាន់តែអាក្រក់ទៅៗដែរឬទេ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Blinken បានអះអាងថា បេក្ខជនប្រឆាំងវេណេសផុយអេឡា Edmundo Gonzalez Urrutia បានទទួលសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។

ប្រធានាធិបតីម៉ិកស៊ិក បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកកុំឲ្យមានអន្តរាគមន៍ ពីសហគមន៍អន្តរជាតិ និងអង្គការនានា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថាលោក នីកូឡា ម៉ាឌូរ៉ូ ជាប្រធានាធិបតីជាប់ឆ្នោតកាលពីថ្ងៃចន្ទ សម្រាប់អាណត្តិឆ្នាំ២០២៥-២០៣១ បន្ទាប់ពីការបោះឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top