តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស ស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ការធ្វើឃាតរបស់អ៊ីស្រាអែល លើប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh បានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត និងអ្នកការទូតបរទេស លោក Bagheri Kani បានឲ្យដឹងថា អ៊ីស្រាអែលបានឃើញផ្លូវតែមួយគត់ក្នុង “ការឡើងកំដៅ និងការពង្រីកជម្លោះក្នុងចំណោមប្រទេសក្នុងតំបន់ និងក្នុងចំណោមប៉ាឡេស្ទីន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោកបានសង្កត់ធ្ងន់ថា ការធ្វើឃាតលោក Haniyeh និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Fouad Shokor ក្នុងទីក្រុងបេរូត ប្រទេសលីបង់ មិនគួរត្រូវបានចាត់ទុកថា មិនពាក់ព័ន្ធទៅនឹងការវិវឌ្ឍនៅក្នុងទឹកដី និងតំបន់ដែលកាន់កាប់របស់ប៉ាឡេស្ទីនឡើយ ហើយថាព្រឹត្តិការណ៍ទាំងនេះ គឺស្របនឹងបញ្ហាជាច្រើនរបស់អ៊ីស្រាអែល សកម្មភាពភេរវករ នៅតំបន់ហ្គាហ្សា តំបន់វេសបែង លីបង់ និងស៊ីរី។
លោក Bagheri Kani បានលើកឡើងថាលោក Haniyeh ត្រូវបានវាយប្រហារខណៈពេលដែលគលោកជាភ្ញៀវផ្លូវការរបស់អ៊ីរ៉ង់ និងនៅក្នុងទឹកដីស្របច្បាប់របស់ប្រទេសនេះ ដោយថ្កោលទោសការធ្វើឃាតថាជា “ការរំលោភ និងការឈ្លានពានដែលមិនសមហេតុផល និងខុសច្បាប់” ប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
លោក Haniyeh ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារសប្ដាហ៍មុន ត្រូវបានសម្លាប់រួមជាមួយអង្គរក្សរបស់លោកកាលពីព្រឹកថ្ងៃពុធ នៅថ្ងៃបន្ទាប់ នៅពេលដែលគេហដ្ឋានរបស់ពួកគេក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា