ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ សម្រេចជ្រើសយកលោក ឆៃកាសឹម និតិសិរី ជាបេក្ខជននាយករដ្ឋមន្រ្តីទី៣១ របស់ថៃ

The Nation

បរទេស៖ បន្ទាប់ពីការសម្រេចរបស់ តុលាការធម្មនុញ្ញដោយសម្លេង ៥ ទល់នឹង ៤ ដើម្បីដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីនោះ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីជ្រើសរើសបេក្ខជនដែលស័ក្តិសម ដើម្បីកាន់តួនាទីជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃយ៉ាងឆាប់រហ័ស។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានសភាលោក Wan Muhammad Noor Matha នឹងកោះប្រជុំសភាពិសេសនៅថ្ងៃសុក្រ ទី១៦ ខែសីហា វេលាម៉ោង១០ព្រឹក ដើម្បីពិភាក្សាអំពីការជ្រើសរើសនេះ។

កាលពីល្ងាចថ្ងៃទី ១៤ ខែសីហា អ្នកសារព័ត៌មានបានសង្កេតឃើញ សមាជិកសំខាន់ៗនៃគណបក្សសម្ព័ន្ធភាព ដែលទៅសួរសុខទុក្ខ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅឯគេហដ្ឋានរបស់គាត់ នៅ Chan Song La។ របាយការណ៍បាននិយាយថា លោកថាក់ស៊ីនបានអញ្ជើញឥស្សរជនសំខាន់ៗ មកពីគណបក្សភឿថៃ និងដៃគូចម្រុះ ដើម្បីពិភាក្សាអំពីបេក្ខជនដែលមាន សក្តានុពលសម្រាប់តំណែងនាយករដ្ឋមន្ត្រី។

គណបក្សភឿថៃ បានបញ្ជាក់យ៉ាងច្បាស់ថា តំណែងនាយករដ្ឋមន្ត្រីស្ថិតក្នុងកូតារបស់ខ្លួន ខណៈដែលខ្លួនមានសំឡេង សមាជិកសភាច្រើនជាងគេ។ មានសេចក្តីរាយការណ៍ថា គណបក្សភឿថៃនឹងស្នើដាក់លោក ឆៃកាសឹម និតិសិរី (Chaikasem Nitisiri) ជាបេក្ខភាពរបស់ពួកគេ សម្រាប់តួនាទីនាយករដ្ឋមន្រ្តី។

ក្រោយម៉ោង៥ល្ងាច គេឃើញរថយន្តជាច្រើនគ្រឿង រួមទាំងថ្នាក់ដឹកនាំគណបក្សចម្រុះផងដែរ ត្រូវបានគេឃើញចូល និងចាកចេញពីលំនៅដ្ឋាន នៅ ចាន់ សុងឡា។ ភ្ញៀវកិត្តិយសរួមមានលោកបណ្ឌិត Prommin Lertsuridej អគ្គលេខាធិការនៃនាយករដ្ឋមន្ត្រី , លោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai និងលោក Santi Prompat របស់គណបក្ស Palang Pracharath ៕

ប្រែសម្រួលៈ ណៃ តុលា

To Top