ម៉ានីល៖ ក្រុមមន្ត្រីបានឲ្យដឹងថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមួយគ្រឿង បានបោះយុថ្កានៅតំបន់ Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីខែមេសា ត្រូវបានរារាំង ដោយនាវាឆ្មាំសមុទ្រចិន កាលពីថ្ងៃសៅរ៍ ខណៈដែលភាពតានតឹង រវាងប្រទេស ទាំងពីរជុំវិញជម្លោះដែន សមុទ្ររបស់ពួកគេថ្មីៗនេះបានផ្លាស់ប្តូរទៅកាន់តំបន់នោះ។
នាវា Teresa Magbanua ដែលជានាវាមួយក្នុងចំណោមនាវាធំជាងគេពីររបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដែលទីក្រុងប៉េកាំងចង់ឱ្យទីក្រុងម៉ានីលដកចេញពីតំបន់ Sabina Shoal បានរងការខូចខាតបន្ទាប់ពីវាត្រូវបានបុកដោយ “ចេតនា” ជាច្រើនដងនៅពេលកំពុងប្រតិបត្តិការក្នុងតំបន់។
ប៉ុន្តែចិន បានឲ្យដឹងថា វាគឺជាកប៉ាល់ហ្វីលីពីនដែល “បុកដោយចេតនា” ជាមួយនាវារបស់ខ្លួន ហើយបានអះអាងជាថ្មី នូវការទាមទាររបស់ខ្លួនសម្រាប់ ការដកនាវា Teresa Magbanua ។ ទីក្រុងប៉េកាំង ដែលបន្តទាមទារស្ទើរតែទាំង ស្រុងនៅសមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ខ្លួនមិនមានមូលដ្ឋានច្បាប់ក៏ដោយ ហៅច្រាំងនៃប្រជុំកោះ Xianbin Jiao ។
អ្នកនាំពាក្យលោក Tarriela បានឲ្យដឹងថា ទោះបីជាមានការខូចខាតក៏ដោយ កប៉ាល់ហ្វីលីពីននឹងបន្តនៅតំបន់ Sabina Shoal ដែលស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ហើយបានទម្លាក់យុថ្កានៅកន្លែងផ្សេងទៀត នៅទីនោះប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុ។ លោកបានបន្ថែមថា គ្មាននាវិករបស់ខ្លួនណាម្នាក់ រងរបួសនោះទេ ហើយក្រុមមួយកំពុង ត្រូវបានពិចារណា ដើម្បីវាយតម្លៃភាពសក្តិសម នៃការខូចខាតរបស់វា។
យោងតាមលោក Tarriela បានឱ្យដឹងថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រពីរផ្សេងទៀត ទូកទាញរបស់កងទ័ពជើងទឹកចិនពីរគ្រឿង និងនាវាកងជីវពលដែនសមុទ្រជាច្រើនគ្រឿង ស្ថិតនៅក្បែរនោះនៅពេលកើតហេតុ។ កាលពីដើមសប្តាហ៍នេះ ចិនបានវាយប្រហារ និងប្រើកាណុងបាញ់ទឹក ប្រឆាំងនឹងនាវាហ្វីលីពីននៅទីនោះ ហើយថែមទាំងបានរារាំង បេសកកម្មផ្គត់ផ្គង់ឡើងវិញពីទីក្រុងម៉ានីល ៕
ប្រែសម្រួល ឈូក បូរ៉ា