ព័ត៌មានអន្តរជាតិ

Update: វេណេស៊ុយអេឡា ចោទ​អាមេរិកថា បានប្លន់យន្តហោះតម្លៃ ១៣លានដុល្លារ របស់ប្រធានាធិបតី ម៉ាឌូរ៉ូ

VN Express

បរទេស៖ ប្រទេសវ៉េណេស៊ុយអេឡា បានចោទសហរដ្ឋអាមេរិកពីបទ “ប្លន់” និងបង្ខំប្រទេសជិតខាងឱ្យ “ក្លាយជាអ្នកសមគំនិត” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានរឹបអូស យកយន្តហោះរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ  ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញាថា “អាជ្ញាធរអាមេរិកបានរឹបអូស ដោយខុសច្បាប់នូវយន្តហោះ ដែលប្រើប្រាស់ដោយប្រធានាធិបតី វេណេស៊ុយអេឡា។ ពួកគេបានបង្ហាញពីភាពត្រឹមត្រូវ នៃសកម្មភាពរបស់ពួកគេជាមួយនឹង វិធានការបង្ខិតបង្ខំខុសច្បាប់ និងឯកតោភាគីដែលដាក់ដោយ សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។ មិនមានពាក្យអ្វីផ្សេងទៀត ដើម្បីពិពណ៌នាអំពីទង្វើខុសច្បាប់នេះជាង “ការប្លន់” ។

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ក៏បានចោទសហរដ្ឋអាមេរិកថា បានប្រើប្រាស់អំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនដើម្បីគំរាមកំហែង និងដាក់សម្ពាធលើប្រទេសមួយចំនួន ដូចជាសាធារណរដ្ឋដូមីនីក ឱ្យ “ក្លាយជាអ្នកសមគំនិត”។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា “នេះគឺជាឧទាហរណ៍នៃរបៀបដែល ‘សណ្តាប់ធ្នាប់ផ្អែកលើច្បាប់’ របស់សហរដ្ឋអាមេរិកមិនអើពើ នឹងបទដ្ឋានអន្តរជាតិទាំងអស់ ហើយមានគោលបំណងបង្កើត អំណាចសម្រាប់អ្នកខ្លាំងប៉ុណ្ណោះ”។

ក្រសួងយុត្តិធម៌អាមេរិកពីមុន បានប្រកាសពីការរឹបអូសយន្តហោះ “ដែលត្រូវបានទិញដោយខុសច្បាប់ក្នុងតម្លៃ ១៣ លានដុល្លារតាមរយៈក្រុមហ៊ុនជាការបាំងមុខ ហើយបានរត់ពន្ធចេញពីសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់ដោយ ប្រធានាធិបតីវេណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ និងអ្នកជិតស្និទ្ធនឹងគាត់” ។

សូមជម្រាបថា ក្រសួងសន្តិសុខមាតុភូមិអាមេរិក, ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម អាមេរិក បានសម្របសម្រួលប្រតិបត្តិការមួយ ដើម្បីរឹបអូសយន្តហោះ Dassault Falcon 900 នៅសាធារណរដ្ឋដូមីនីក ហើយនាំយកវាទៅអាកាសយានដ្ឋានក្នុងរដ្ឋផ្លរីដា នៅព្រឹកថ្ងៃទី២ ខែកញ្ញា។

មន្ត្រី​អាមេរិក​មួយ​ចំនួន​ បាន​ប្រៀបធៀប​យន្តហោះ​នេះ​ ទៅ​នឹង​យន្តហោះ Air Force One របស់​វ៉េណេស៊ុយអេឡា។ យន្តហោះដែលផលិតដោយក្រុមហ៊ុនបារាំង ហើយលាបពណ៌ខៀវ និងក្រហមនោះ បានដឹកលោក ម៉ាឌូរ៉ូ ទៅកាន់កន្លែងជាច្រើនដូចជា St. Vincent និង ប្រទេសហ្គ្រីនីដាដ ប្រទេសគុយបា និងប្រេស៊ីល៕

ប្រែសម្រួលៈ ណៃ តុលា

To Top