DAP News

ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ចិនអន្តរជាតិបង្ហាញពីការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៤បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកញ្ញា។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនៅក្នុងសារលិខិតអបអរសាទរថា “ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានបើកធ្វើដោយជោគជ័យចំនួន ១០ លើកហើយ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន ដែលបានរួមចំណែកជាវិជ្ជមានដល់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ”។

នាពេលបច្ចុប្បន្ន ពាណិជ្ជកម្មសេវាកម្មបានក្លាយជាកម្លាំងចលករសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គការពាណិជ្ជកម្មពិភពលោកបានព្យាករណ៍ថា សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ នឹងកើនឡើងពី ២២ ភាគរយនាពេលបច្ចុប្បន្នដល់ជាង ៣៣ ភាគរយនៅឆ្នាំ២០៤០។ នេះក៏ជាមូលហេតុដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម លើកនេះបានទាក់ទាញប្រទេសនិងអង្គការអន្តរជាតិចំនួន ៨៥ មករៀបចំការតាំងពិព័រណ៌និងសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខចំនួនជាង ៤៥០ បានចូលរួមនៅកន្លែងផ្ទាល់។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំងបានចូលរួមក្នុងនាមជាប្រទេសកិត្តិយសជាលើកដំបូង ហើយបានតាំងពិព័រណ៍នៅកន្លែងផ្ទាល់តែម្នាក់ងងជាលើកដំបូងផងដែរ។មានសហគ្រាសបារាំងជាច្រើនបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យពាណិជ្ជកម្មសេវាកម្មរវាងចិននិងបារាំងឱ្យកាន់តែស៊ីជម្រៅ។

យោងតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ទំហំនៃការនាំចេញនាំចូលខាងសេវាកម្មសរុបរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣ មានចំនួនជាង ៦.៥ ទ្រីលានយាន់ប្រាក់ចិនដែលបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ និងស្ថិតក្នុងលំដាប់នាំមុខនៅលើពិភពលោក។ ក្នុងចំណោមនោះ សមាមាត្រនៃការធ្វើពាណិជ្ជកម្មសេវាកម្មដែលពឹងផ្អែកលើជំនាញបានកើនឡើងដល់ ៤១.៤ ភាគរយ។ នេះបានបង្ហាញថា កម្លាំងប្រកួតប្រជែង និងគុណភាពនៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន មានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកនៃភាពច្នៃប្រឌិតថ្មីនៃសេដ្ឋកិច្ចចិន បានកើនឡើងយ៉ាងលេចធ្លោ។ នេះក៏ជាមូលហេតុដ៏សំខាន់ដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ បានទាក់ទាញពាណិជ្ជករចិន និងបរទេសមកចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍លើកនេះដែរ។

ការរីកចំរើនយ៉ាងផុលផុសនៃទីផ្សារឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិន បាននាំមកនូវឱកាសអាជីវកម្មដ៏ធំធេងដល់សហគ្រាសអន្តរជាតិ។ នៅឆមាសទីមួយឆ្នាំ២០២៤ ការនាំចូលខាងឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិនមានដល់ ២.១ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ១៦.៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មលើកនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការមួយចំនួន ដែលបានបង្កើនជំនឿចិត្តរបស់សហគ្រាសបរទេសក្នុងការធ្វើអាជីវកម្មនៅប្រទេសចិន។

កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋាន ស្តីពីការបើកចំហចំពោះក្រៅប្រទេស ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ការពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មគឺជា ចំណុចដ៏សំខាន់សម្រាប់ការពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងបណ្តុះបណ្តាលកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបរទេស។ នាពេលបច្ចុប្បន្ន ការសាកល្បងចម្រុះក្នុងការពង្រីកការបើកចំហចំពោះក្រៅប្រទេស នៃឧស្សាហកម្មសេវាកម្មប្រទេសចិនបានដាក់ចេញវិធានការសាកល្បងចំនួនជាង ១៣០០ ផ្នែក នៅក្នុងវិស័យអាជីវកម្មចំនួន ១៣ ដូចជាបច្ចេកវិទ្យា ទូរគមនាគមន៍វប្បធម៌និងទេសចរណ៍និងហិរញ្ញវត្ថុជាដើម។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានធ្វើឱ្យពិភពលោកមើលឃើញនូវកម្លាំង “ថ្មី” កាន់តែច្រើន មើលឃើញការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃពាណិជ្ជកម្មសេវាកម្ម តាមរយៈការបើកចំហរចំពោះក្រៅប្រទេស ក៏ដូចជាមើលឃើញពីភាពរស់រវើក និងឱកាសដ៏ធំសម្បើមរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន៕

To Top