KATHMANDU៖ រោងចក្រវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តរបស់ប្រទេសនេប៉ាល់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើងដែលបង្កឡើងដោយភ្លៀងធ្លាក់ចុះឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាមួយគ្នានេះដែរ តាមការប៉ាន់ស្មានដំបូងនៃទំហំខូចខាតគិតជាទឹកប្រាក់ប្រមាណ៤.៣៥ពាន់លានរូពីនេប៉ាល់ ស្មើនឹងប្រហែល៣២.៦លានដុល្លារសហរដ្ឋអាមេរិក ។
ថ្លែងក្នុងកិច្ចប្រជុំសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ មន្ត្រីនៅក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្តរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា គ្រោះមហន្តរាយដែលកើតឡើងដោយភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ បានបណ្តាលឱ្យមានការខាតបង់ប៉ាន់ស្មានប្រមាណ៣ពាន់លានរូពី ស្មើនឹងប្រហែល២២.៥លានដុល្លារ ដល់គម្រោងវារីអគ្គិសនី និងប្រព័ន្ធបញ្ជូន ។ គម្រោងគ្រប់គ្រងទន្លេ និងប្រព័ន្ធធារាសាស្រ្តបានទទួលរងការខាតបង់ដែលបានប៉ាន់ស្មានអស់ទឹកប្រាក់ប្រមាណ១.៣៥ពាន់លានរូពី ស្មើនឹងប្រហែល១០.១លានដុល្លារសហរដ្ឋអាមេរិក ។
ក្រសួងមហាផ្ទៃបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានកើនដល់១៧០នាក់គិតត្រឹមល្ងាចថ្ងៃអាទិត្យ ។ លើសពីនេះ ចំនួន១១១នាក់បានរងរបួស និងចំនួន៤២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។ ក្រសួងបានបញ្ជាក់ថា ជនរងគ្រោះប្រហែល ៤.០០០នាក់ត្រូវបានជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា