បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រទេសសេដ្ឋកិច្ចកំពូលទាំងប្រាំពីរឬហៅកាត់ថា G7 គ្រោងនឹងបង្កើនសម្ពាធលើប្រទេសចិន ជុំវិញការចោទប្រកាន់ថាមានការគាំទ្រផ្នែកយោធារបស់ខ្លួន ចំពោះរុស្ស៊ីនៅក្នុងជម្លោះអ៊ុយក្រែន។
របាយការណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ កើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេស G7 កំពុងជួបប្រជុំនៅប្រទេសអ៊ីតាលីនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន និងបញ្ជាក់ពី ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ របស់ពួកគេសម្រាប់ទីក្រុងគៀវ។
ប្រភពដដែលនេះបានលើកឡើងពីសេចក្តីព្រាងដំបូង នៃសេចក្តីថ្លែងការណ៍ដែលគ្រោងនឹងចេញផ្សាយនៅពេលបញ្ចប់កិច្ចប្រជុំ។ តាមសេចក្តីរាយការណ៍បានអះអាងថា រដ្ឋមន្ត្រី G7 ត្រូវបានគេរំពឹងថានឹងប្តេជ្ញា វិធានការសមស្របស្របតាមប្រព័ន្ធច្បាប់របស់យើង ប្រឆាំងនឹងតួអង្គនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសទីបីផ្សេងទៀត ដែលគាំទ្រ កម្លាំងធ្វើសង្គ្រាមរបស់រុស្ស៊ី។
ប្រសិនបើត្រូវបានអនុម័ត វាមានអត្ថន័យនិងតំណាងថាសម្លេងខ្លាំងជាងលើប្រទេសចិន បើធៀបនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពីមុននៅក្នុងខែមេសា នៅពេលដែល G7 បានជំរុញឱ្យទីក្រុងប៉េកាំង ធានា ថាខ្លួនឈប់ផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូ។
គួរឲ្យដឹងដែរថាកាលពីខែមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនពីរដែលផលិតម៉ាស៊ីន និងគ្រឿងបន្លាស់ដោយអះអាងថាក្រុមហ៊ុនទាំងនោះដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុនលី