បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលខេត្ត Vyacheslav Gladkov បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិល៤នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ីនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួនពីរផ្សេងគ្នា លើរថយន្តដែលកំពុងធ្វើដំណើរតាមដងផ្លូវ។
ហេតុការណ៍នេះត្រូវបានគេដឹងដែរថា បានកើតឡើងនៅក្នុងតំបន់មួយបានកើតឡើងនៅជិតភូមិ Grafovka និងមួយទៀតនៅលើផ្លូវ Dvuluchnoye-Urazovo ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។
លោកGladkov បានសរសេរនៅក្នុងសារ Telegram ដោយសម្តែងការរំលែកទុក្ខដល់ ក្រុមគ្រួសាររបស់ពួកគេថា៖ យន្តហោះគ្មានមនុស្សបើកបានវាយប្រហាររថយន្ត ដែលកំពុងធ្វើដំណើរចូលទៅភូមិ Grafovkaដែលក្នុងនោះមាន បុរសបីនាក់នៃអ្នកបាត់បង់ជីវិត។
មុននេះលោក Gladkov ក៏បានរាយការណ៍អំពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនមួយផ្សេងទៀតនៅលើផ្លូវ Dvuluchnoye-Urazovo ក្នុងសង្កាត់ Valuysky ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែនផងដែរ។ ជាលទ្ធផលស្ត្រីម្នាក់បានស្លាប់ ដោយសាររបួសរបស់គាត់ មុនពេលជំនួយពីគ្រូពេទ្យមកដល់ ស្ត្រីម្នាក់ទៀតដែលជាអ្នកបើកបរបានរងរបួស៕
ប្រែសម្រួល៖ ស៊ុន លី
