បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងសន្និសីទសារព័ត៌មាន នាប្រទេសកាតាកាលពីថ្ងៃពុធថា ទីក្រុងមូស្គូនឹងមិនកំពុងពិចារណា ពីលទ្ធភាពនៃកងកម្លាំងរក្សាសន្តិភាពណាតូ ដែលត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែននោះទេ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានអះអាងថា លោកបានពិភាក្សាអំពីបញ្ហានៃ កែទម្រង់នៃការរក្សាសន្តិភាព ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ។
ថ្លែងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron លោក Trump បានអះអាងថា លោកPutinគឺគ្មានបញ្ហាអ្វីទេ ជាមួយនឹងគំនិតនេះ ដរាបណាវា អាចទទួលយកបានសម្រាប់ភាគីគ្រប់គ្នា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lavrov បានបញ្ជាក់ថា ភាគីរុស្ស៊ីមិនត្រូវបានគេពិគ្រោះពិភាក្សា ឬស្នើសុំយោបល់ទៅលើបញ្ហានេះនោះទេ។
បន្ថែមពីនោះលោក Lavrov ក៏បានអះអាងផងដែរថា សហភាពអឺរ៉ុបកំពុងស្វែងរកចេតនា បង្អាក់ដំណើរការសន្តិភាពអ៊ុយក្រែន ដោយចង្អុលទៅការប្រកាសនាពេលថ្មីៗនេះ របស់ទីក្រុងប្រ៊ូសែលអំពីកញ្ចប់ជំនួយយោធាថ្មី សម្រាប់ក្រុងគៀវ ក៏ដូចជាការបន្តលើកទឹកចិត្តរបស់ពួកគេ សម្រាប់កងកម្លាំងអ៊ុយក្រែនបន្តការប្រយុទ្ធ ជាមួយនឹងទ័ពរុស្សីជាដើមផង៕
ប្រែសម្រួល៖ ស៊ុន លី
