បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសលោក Yury Ignat បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានដាក់ពង្រាយយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង នៅក្នុងការប្រយុទ្ធជាលើកដំបូង។
អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ពេញមួយយប់ ដើម្បីប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
កន្លងមកទីក្រុងគៀវ បានទទួលយន្តហោះជំនាន់ទីបួនដំបូងរបស់ខ្លួន ពីប្រទេសបារាំងកាលពីខែមុនហើយកាលពីខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បានបញ្ជាក់ថា អ្នកបើកយន្តហោះអ៊ុយក្រែនកំពុង ត្រូវបានបណ្តុះបណ្តាលនៅប្រទេសបារាំង ដើម្បីដំណើរការយន្តហោះនេះ។
នៅក្នុងការបង្ហោះ Facebook លោក Ignat បានអះអាងថា យន្តហោះបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករុស្ស៊ីជាង ១០០ គ្រឿង និងកាំជ្រួច ៣៤ គ្រឿង ស្របពេលដែលរារាំងមីស៊ីលចំនួន ១០ គ្រាប់មិនឱ្យទៅដល់គោលដៅឡើយ។
អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Dmitry Likhovi បានទទួលស្គាល់ការដាក់ពង្រាយនេះ ដោយកត់សម្គាល់ថា ការវាយប្រហារបានកើតឡើងស្របពេល ជាមួយការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងចាប់តាំងពីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ជំនួយយោធា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្ត ដល់ការចរចាជាមួយទីក្រុងម៉ូស្គូ៕
ប្រែសម្រួល៖ ស៊ុន លី
