បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងមូស្គូ ត្រូវតែទទួលយកកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក និងបញ្ឈប់ការធ្វើសេចក្តីថ្លែងការណ៍ ពន្យារពេលតទៅទៀត ។
រដ្ឋាភិបាលទីក្រុងគៀវ បានយល់ព្រមលើបទឈប់បាញ់ រយៈពេលមួយខែក្នុងជម្លោះអ៊ុយក្រែន បន្ទាប់ពីមានកិច្ចចរចា ជាមួយអាមេរិកនៅអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ ។
ប៉ុន្តែយ៉ាងណាក្តីក្រោយមក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបន្តការចែករំលែកព័ត៌មាន សម្ងាត់ជាមួយអ៊ុយក្រែន និងការដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសនេះឡើងវិញផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះគឺ គ្មានប្រទេសជា សមាជិកសហភាព អឺរ៉ុបណាត្រូវបានតំណាងនៅក្នុងការចរចានោះទេ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីបទឈប់បាញ់ ប៉ុន្តែលក្ខខណ្ឌចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់លាស់ ដើម្បីធានាថាវានាំទៅរកសន្តិភាពស្ថិរភាព និងអចិន្ត្រៃយ៍។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងលោក Vladimir Zelensky របស់អ៊ុយក្រែន លោក Macron បានទាមទារឱ្យទីក្រុងម៉ូស្គូ ទទួលយកកិច្ចព្រមព្រៀង ដែលបានស្នើឡើងនោះ៕
ប្រែសម្រួល៖ស៊ុនលី
