យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា លោកបានផ្តួចផ្តើមនីតិវិធីក្នុងការបណ្តេញលោក Ronen Bar ដែលជាប្រធានផ្នែកសន្ដិសុខផ្ទៃក្នុង (Shin Bet) ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ លោក Bar ត្រូវបានកោះហៅឱ្យចូលរួមកិច្ចប្រជុំមួយ ហើយបានជូនដំណឹងថា សំណើសម្រាប់ការបណ្តេញលោកនឹងត្រូវបានបង្ហាញដល់រដ្ឋាភិបាលក្នុងសប្តាហ៍នេះ។ ក្នុងសុន្ទរកថាជាវីដេអូទៅកាន់សាធារណជនអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការសម្រេចចិត្តត្រូវបានជំរុញដោយ “ការខ្វះការទុកចិត្ត” លើរូបលោក។
នៅពេលដែលជម្លោះរវាងអ្នកទាំងពីរបានក្លាយជាសាធារណៈ លោក Bar បានចេញការឆ្លើយតបទៅកាន់លោក ណេតាន់យ៉ាហ៊ូ ដោយបញ្ជាក់ពីភាពស្មោះត្រង់របស់លោកក្នុងនាមជាប្រធាន Shin Bet គឺចំពោះសាធារណៈជន និងសន្តិសុខជាតិរបស់អ៊ីស្រាអែល មិនមែនចំពោះនាយករដ្ឋមន្ត្រីផ្ទាល់នោះទេ។ លោកបានប្រកែកថា “ការរំពឹងទុកនៃភាពស្មោះត្រង់ផ្ទាល់ខ្លួនរបស់លោក ណេតាន់យ៉ាហ៊ូ ផ្ទុយពីផលប្រយោជន៍សាធារណៈ មានកំហុសជាមូលដ្ឋាន និងរំលោភលើច្បាប់ Shin Bet” ។
លោក Bar បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក សម្រាប់គណៈកម្មការស៊ើបអង្កេតរដ្ឋមួយដើម្បីស៊ើបអង្កេត “ភាគីពាក់ព័ន្ធទាំងអស់” រួមទាំងគោលនយោបាយរបស់រដ្ឋាភិបាល និងលោក ណេតាន់យ៉ាហ៊ូ ផ្ទាល់។ លោកបានលើកឡើងថា ការស៊ើបអង្កេតបែបនេះ គឺ «មានសារៈសំខាន់ សម្រាប់សន្តិសុខសាធារណៈ» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចំណាត់ការនេះកើតឡើងចំពេលមានជម្លោះកាន់តែខ្លាំងឡើងរវាងលោក ណេតាន់យ៉ាហ៊ូ និង Shin Bet ជុំវិញការទទួលខុសត្រូវចំពោះការបរាជ័យដែលនាំទៅដល់ការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣។ Shin Bet ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានទទួលស្គាល់នៅក្នុងរបាយការណ៍ថ្មីៗនេះថា ខ្លួនបរាជ័យក្នុងការប្រមើលមើលការវាយប្រហារដ៏សាហាវលើអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះក៏បានចាត់ទុកលោក ណេតាន់យ៉ាហ៊ូ ទទួលខុសត្រូវចំពោះគោលនយោបាយរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឱ្យមាន “ការកសាងដ៏ធំ” នៃក្រុមហាម៉ាស។
លោក ណេតាន់យ៉ាហ៊ូ បានច្រានចោលការអំពាវនាវឱ្យមានគណៈកម្មាការស៊ើបអង្កេតរដ្ឋមួយ ចំពោះការដោះស្រាយរបស់រដ្ឋាភិបាលរបស់លោកអំពីព្រឹត្តិការណ៍មុន និងអំឡុងពេលនៃការវាយប្រហារ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការឆ្លើយតបរបស់គាត់ លោក Bar បានចង្អុលបង្ហាញថា ហេតុផលនៅពីក្រោយការបណ្តេញគាត់ចេញ ភាគច្រើនជារឿងនយោបាយ និងមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសនោះទេ។ គាត់បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានទទួលខុសត្រូវចំពោះផ្នែករបស់ទីភ្នាក់ងារក្នុងការបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារ វាច្បាស់ណាស់ថាចេតនានៅពីក្រោយការបណ្តេញចេញរបស់ខ្ញុំ គឺមិនទាក់ទងនឹងថ្ងៃទី០៧ ខែតុលា នោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា
