ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម លើរោងចក្រចម្រាញ់ ប្រេងរបស់ចិន ដោយចោទថា បានទិញប្រេងអ៊ីរ៉ង់តម្លៃជាង ១ ពាន់លានដុល្លារ

បរទេស៖ ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃពុធបានដាក់ទណ្ឌកម្ម លើរោងចក្រចម្រាញ់ប្រេងរបស់ចិន ដែលត្រូវបានចោទថា បានទិញប្រេងអ៊ីរ៉ង់តម្លៃជាង ១ ពាន់លានដុល្លារ ដោយ និយាយថា ប្រាក់ចំណូលនេះជួយផ្តល់ហិរញ្ញប្បទាន ដល់រដ្ឋាភិបាលក្រុងតេហេរ៉ង់ និងការគាំទ្រ របស់អ៊ីរ៉ង់ សម្រាប់ក្រុមសកម្មប្រយុទ្ធ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលលោក Trump បាននិយាយថា រោងចក្រចម្រាញ់ប្រេង ដែលត្រូវបានដាក់ទណ្ឌកម្ម នៅក្នុងខេត្ត Shandong របស់ប្រទេសចិន បានទទួលការដឹកជញ្ជូនប្រេងឆៅយ៉ាងច្រើនពីប្រទេសអ៊ីរ៉ង់ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។ អាជ្ញាធរអាមេរិកបាននិយាយថា ប្រេងមួយចំនួនបានមកពីក្រុមហ៊ុន សម្រាប់ឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់។

ក្រុមមន្ត្រីក៏បានប្រកាសថា ក្រុមហ៊ុន និងនាវាជាច្រើន ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្ម។

ការដាក់ទណ្ឌកម្មថ្មីនេះ ត្រូវបានដាក់ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហើយអនុវត្តតាមកិច្ចខិតខំប្រឹងប្រែងមុនៗរបស់រដ្ឋបាល ដើម្បីរំខានដល់លំហូរប្រេងអ៊ីរ៉ង់ ដែលអាជ្ញាធរនិយាយថា ដឹកដោយ “កងនាវាស្រមោល” របស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានដាក់ពិន័យបុគ្គលនិងកប៉ាល់ជាច្រើនរួចហើយដែលពាក់ព័ន្ធនឹងការនាំចេញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top