បរទេស៖យោងតាមការចេញផ្សាយរបស់ RTទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការបើកការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់យោធាលោកខាងលិច។
ការអះអាងនិងព្រមានដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោក Sergey Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រុស្ស៊ីដោយក្នុងនោះលោកបានលើកឡើងអំពីការកែប្រែច្បាប់កាលពីឆ្នាំមុនចំពោះគោលការណ៍ប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេស។
គេមើលឃើញថាការព្រមាននេះកើតឡើងចំពេលមានការពិភាក្សានៅអឺរ៉ុបខាងលិចអំពីការដាក់ពង្រាយទាហានទៅកាន់ប្រទេសអ៊ុយក្រែនដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលក៏ដូចជាផែនការរបស់សហភាពអឺរ៉ុបក្នុងការធ្វើសកម្មភាពយោធាឡើងវិញនៅក្នុងប្លុកនេះ។
យោងតាមលោករដ្ឋមន្ត្រីការពារជាតិរូបនេះបានឲ្យដឹងដែរថាទីក្រុងមូស្គូ កំពុងតាមដានយ៉ាងដិតដល់នូវការត្រៀមលក្ខណៈយោធារបស់ប្រទេសនៅអឹរ៉ុប។ លោក Shoigu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃព្រហស្បតិ៍ថា អាវុធនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើប្រាស់ ក្នុងករណីមានការឈ្លានពាន ប្រឆាំងនឹងរុស្ស៊ី ឬប្រទេសបេឡារុស្សទោះក្នុងករណី សូម្បីតែក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។
លោកក៏បានកត់សម្គាល់ផងដែរនូវការអំពាវនាវរបស់បារាំង និងចក្រភពអង់គ្លេសសម្រាប់ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមាន។ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងជំហានបែបនេះដោយនិយាយថាកម្លាំងយោធាដែលគ្មានការអនុញ្ញាតនៅក្នុងអ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់ក្នុងការវាយប្រហារ៕
ប្រែសម្រួល៖ស៊ុនលី
