សាន់ហ្វ្រាន់ស៊ីស្កូ៖ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តំណែងឈាន ចូលដល់រយៈពេល ១០០ ថ្ងៃ នៃអាណត្តិទីពីររបស់លោក ការវាយតម្លៃការគាំទ្រ របស់លោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងចំណោម ប្រធានាធិបតីអាមេរិក ក្នុងពេលកាន់តំណែង ដែលជាកម្រិតទាប់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ។
អាណត្តិទីពីររបស់លោក ត្រាំ នឹងឈានដល់ដំណាក់កាលសំខាន់ ១០០ ថ្ងៃដំបូងនៅថ្ងៃទី៣០ ខែមេសា ។ យោងតាមការស្ទង់មតិ ប្រជាជនអាមេរិក ភាគច្រើនប្រឆាំង នឹងគំនិតផ្តួចផ្តើម គោលនយោបាយសំខាន់ៗមួយចំនួន របស់លោក ដោយបានសម្តែង ការមិនពេញចិត្ត ចំពោះស្ថានភាព នៃសេដ្ឋកិច្ចអាមេរិក និងព្រួយបារម្ភអំពីអនាគត នៃវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតឡើងនាពេលខាងមុខ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយសារព័ត៌មាន ABC News, The Washington Post ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមេសា ដោយធ្វើការស្ទាបស្ទង់មតិមនុស្សពេញវ័យ ជាជនជាតិអាមេរិកចំនួន ២,៤៦៤ នាក់ ជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។
យោងតាមការស្ទង់មតិ មានតែអ្នកឆ្លើយតប ៣៩ ភាគរយប៉ុណ្ណោះ ដែលគាំទ្រលើការអនុវត្តរបស់លោក ត្រាំ ក្នុងពេលកាន់តំណែង ដោយធ្លាក់ចុះ ៦ ភាគរយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ កំណត់ត្រាអនុម័តរយៈពេល ១០០ ថ្ងៃដំបូងរបស់លោក ត្រាំ ដែលពីមុនជាកម្រិតទាបបំផុតនៅត្រឺម ៤២ ភាគរយក្នុងឆ្នាំ២០១៧ លើសពីនេះទៀត ៥៥ ភាគរយ នៃអ្នកឆ្លើយតប បានស្ដែងការមិនពេញចិត្តនឹងការអនុវត្តរបស់លោក ដោយបង្កើតកំណត់ត្រា ដ៏អាក្រក់បំផុតក្នុង ចំណោមប្រធានាធិបតីអាមេរិក ទាំងអស់ ក្នុងរយៈពេល ៨សវត្សរ៍កន្លងមកនេះ។
ការស្ទង់មតិបង្ហាញបន្ថែមទៀតថា គោលនយោបាយសំខាន់ៗរបស់ ត្រាំ ត្រូវបានប្រឆាំងយ៉ាងខ្លាំង ដោយជនជាតិអាមេរិក ក្នុងនោះ ៦៤ភាគរយ នៃអ្នកឆ្លើយតបមិនយល់ព្រម ចំពោះវិធីសាស្រ្តរបស់លោក ក្នុងការដាក់ពន្ធលើការនាំចូល ហើយ ៧១ ភាគរយជឿថា គោលនយោបាយពន្ធរបស់លោក នឹងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ ៧៣ ភាគរយជឿថា ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មានភាពក្រីក្រ ៥៣ ភាគរយគិតថា សេដ្ឋកិច្ចកាន់តែអាក្រក់ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង ហើយ ៧២ ភាគរយ មានការព្រួយបារម្ភថា គោលនយោបាយសេដ្ឋកិច្ចរបស់លោក អាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី ។ ៦៥ភាគរយជឿថា រដ្ឋបាលលោក ត្រាំ មិនគោរពនីតិរដ្ឋ ខណៈ ៦៥ភាគរយគិតថា រដ្ឋបាលរបស់លោក បានព្យាយាមគេច ពីសេចក្តីសម្រេច របស់តុលាការសហព័ន្ធ ហើយ ៦៤ ភាគរយរិះគន់ការពង្រីក អំណាចប្រធានាធិបតីលើសលប់ពេក៕
