ព័ត៌មានអន្តរជាតិ

អភិបាលខេត្តតាកែវ បញ្ជាឱ្យមេឃុំ និងមេប៉ុស្តិ៍ តាមដានក្តាប់សភាពការណ៍ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស Online Scams

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតាមដាន និងក្តាប់សកម្មភាពនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន។

ការដាក់បញ្ជានេះ បានធ្វើឡើងនៅក្នុងឱកាស លោក អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកត្រាំកក់ នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងគោលបំណងបោសសម្អាត និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។ ដូចនេះ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តវិធានការឱ្យបានខ្លាំងក្លា រួមមាន ៖ត្រូវត្រួតពិនិត្យឯកសារស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់។

លោក អភិបាលខេត្ត បន្ដថា ត្រូវអប់រំណែនាំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរាយការណ៍ និងទប់ស្កាត់បទល្មើសអនឡាញ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ និងបរិយាកាសវិនិយោគ និងត្រូវប្រុងប្រយ័ត្នចំពោះក្រុមជនល្មើស ដែលអាចរត់គេចពីការបង្ក្រាបនៅតាមបណ្តាខេត្ត-ក្រុងនានា មកលាក់ខ្លួនធ្វើសកម្មភាពជាលក្ខណៈទ្រង់ទ្រាយតូច (គ្នា ៣-៤ នាក់) នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមជាគណៈបញ្ជាការឯកភាព ដែលត្រូវទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល កាលបើឃើញមានមុខសញ្ញា សង្ស័យ ត្រូវរាយការណ៍មកថ្នាក់លើភ្លាមៗ ដើម្បីចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ដោយដាច់ខាតមិនត្រូវមានការលាក់បាំងនោះឡើយ៕

To Top