ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូទីអះអាងថា ខ្លួនបានគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ Bab al-Mandeb ហើយថាមិនកំណត់គោលដៅ វាយប្រហារលើប្រទេសណាមួយឡើយ ក្រៅពីអារ៉ាប៊ីសាអូឌីត

បរទស៖ ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែន បានដណ្តើមយកទីក្រុង al-Makha (Mocha) ដែលមានសារៈសំខាន់នៅតំបន់សមុទ្រក្រហម ដោយពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រយុទ្ធសាស្ត្រ Bab al-Mandeb នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមនេះប្រាប់ទៅកាន់បណ្តាញព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីបានវាយរុញច្រានកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីទីក្រុង Mocha បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនថ្ងៃ ដោយមានសេចក្តីរាយការណ៍ថា ពួកគេបានដណ្តើមយកទាំងទីក្រុង និងកំពង់ផែទីក្រុងនោះ។ វីដេអូដែលត្រូវបានចែកចាយដោយគណនី OSINT នៅលើអ៊ីនធឺណិតហាក់ដូចជាបង្ហាញពីកងកម្លាំងហ៊ូធីដែលកំពុងចូលទៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រនេះ ខណៈដែលក្រុមនេះបន្តវាយលុកឆ្ពោះទៅរកការគ្រប់គ្រងទាំងស្រុងលើតំបន់ឆ្នេរសមុទ្រក្រហមរបស់យេម៉ែន។

លោក Mohammed Al-Bukhaiti អ្នកនាំពាក្យរបស់ក្រុមនេះ បានប្រាប់ RT ថា ទោះបីជាពួកគេកំពុងប្រយុទ្ធដោយផ្ទាល់ជាមួយកងកម្លាំងអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏ពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ការរីករាលដាលនៃជម្លោះ ប្រសិនបើមានប្រទេសណាមួយផ្សេងទៀត «ចូលរួមក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងយេម៉ែន»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមហ៊ូធីប្តេជ្ញាការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Bab al-Mandeb និងសមុទ្រក្រហម ហើយ «មិនកំណត់គោលដៅវាយប្រហារលើប្រទេសណាមួយឡើយ ក្រៅពីសត្រូវគឺអារ៉ាប៊ីសាអូឌីត» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top