ព័ត៌មានអន្តរជាតិ

លោក ត្រាំ លើកឡើងពីសន្ទុះវិជ្ជមាន ឆ្ពោះទៅរកការបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា មាន «សន្ទុះវិជ្ជមាន» ឆ្ពោះទៅរកការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា គឺលោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani នៅឯសេតវិមាន។

នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Truth Social របស់លោក លោក ត្រាំ បានសរសេរថា ប្រទេសកាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន គុយវ៉ែត និងប្រទេសដទៃទៀតនៅក្នុងតំបន់ គាំទ្រឱ្យមានការបន្តរក្សាការបិទផ្លូវសមុទ្រលើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក ព្រមទាំងគាំទ្រដល់ប្រតិបត្តិការថ្មីមួយដែលមានឈ្មោះថា «Operation Iron Gate» ឬហៅថា​ ប្រតិបត្តិការទ្វារដែក​ ដែលមានគោលបំណងរឹតត្បិតផ្លូវដឹកជញ្ជូនតាមផ្លូវគោករបស់អ៊ីរ៉ង់។

លោក ត្រាំ បានសរសេរថា ប្រទេសទាំងនេះ «ចង់រក្សាស្ថានភាពដូចបច្ចុប្បន្ន» ហើយពួកគេទាំងអស់គ្នាឯកភាពគ្នាថា អ៊ីរ៉ង់​ មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ ដែលចំណុចនេះលោកចាត់ទុកថាជា «រឿងដែលមិនអាចចរចាបាន»។ ទោះជាយ៉ាងណា អ៊ីរ៉ង់តែងតែអះអាងជាច្រើនលើកមកហើយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​ គឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានព្រមានថា កងកម្លាំងសហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពយោធាបន្ថែមទៀត ទោះបីជាលទ្ធភាពនៃការវាយប្រហារយោធាឡើងវិញលើអ៊ីរ៉ង់​ មានកម្រិតទាបក៏ដោយ។

លោក ត្រាំ បានើកឡើងថា៖ «ប្រសិនបើមានការផ្លាស់ប្តូរណាមួយទាក់ទងនឹងស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិកគឺ​ បានត្រៀមខ្លួនរួចរាល់ជាស្រេច (ទាំងអាវុធ និងកម្លាំង) ដើម្បីចាត់វិធានការ ប៉ុន្តែនៅពេលនេះ ទំនងជាមិនសូវមានលទ្ធភាពកើតឡើងនោះទេ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top