នយោបាយ

រាជរដ្ឋាភិបាលសោកស្ដាយ មេបាតុករវ័យក្មេងហុងកុង គាំទ្រមាតុភូមិនិវត្តន៍ សម រង្ស៊ី ប្រឆាំងកម្ពុជា

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះ លោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូប នៃចលនាបាតុករយ៉ាងកក្រើក នៅទីក្រុងហុងកុង ដែលបានចំអកឡកឡឺយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់កម្ពុជា តាមរយៈការគាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។

បើតាមការផ្សព្វផ្សាយ របស់វិទ្យុបារាំង ជាខេមរភាសា លោក ចូសហ័រ វ៉ុង មេបាតុករវ័យក្មេងនៅហុងកុង បានគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី ហើយថែមទាំងបានស្នើ សហគមន៍អន្តរជាតិ ជួយឃ្លាំមើលព្រឹត្តិការណ៍នេះទៀតផង ។ សំដីរបស់មេបាតុករហុងកុងនេះ ធ្វើឡើងតាមរយៈទ្វីតធើផ្ទាល់ ដែលបានបង្ហាញពីសកម្មភាពគាំទ្រ លោក ហៃ វណ្ណា ជាមេយុវជនរបស់ អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូង ដែលជាអ្នកគាំទ្រ លោក សម រង្ស៊ី យ៉ាងសកម្ម។

លោក ផៃ ស៊ីផាន បានសរសេរក្នុងបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី១ វិច្ឆិកា ថា “ខ្ញុំមានសេចក្តីសោកស្ដាយ និងហួសចិត្តចំពោះការលើកឡើងរបស់មេបាតុករនៅទីក្រុងហុងកុង លោក ចូសហ័រ វ៉ុង ដែលតាំងខ្លួនជាបងធំនយោបាយនៅក្នុងតំបន់។ ការលើកឡើងនេះ គឺមិនត្រឹមតែបង្ហាញការយល់ដឹងមិនច្បាស់ ចំពោះបញ្ហានយោបាយនៅកម្ពុជានោះទេ ថែមទាំងការចំអកឡកឡឺយដ៏ធ្ងន់ធ្ងរមួយ ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកម្ពុជា” ។

លោកបន្ដថា សម រង្ស៊ី មិនមែនជាមេបាតុកម្មនោះទេ ខុសគ្នាពីលោក ចូសហ័រ វ៉ុង ដែលជាមេបាតុករ នៅហុងកុង។ លោកថា សម រង្ស៊ី ជាមេដឹកនាំរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នាពេលកន្លងទៅ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា សម រង្ស៊ី ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារ ដែលមានគម្រោងថវិកា រៀបចំកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចបម្រើសកម្មភាព ក្បត់ជាតិរបស់ខ្លួន និងបក្ខពួក។ សម រង្ស៊ី រៀបចំសកម្មភាពញុះញុង យុវជន កម្មករ និងប្រជាពលរដ្ឋ ក្នុងចលនារដ្ឋប្រហារ និងភាពរងគ្រោះរបស់មហាជនជាចំណាប់ខ្មាំង ដើម្បីជោគជ័យ ក្នុងកិច្ចរដ្ឋប្រហាររបស់ខ្លួន ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា សម រង្ស៊ី ធ្វើវិទ្ធង្សនា និងវិច្ឆេទកម្ម ក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ដែលមិនអាចអត់ឱនឲ្យបានឡើយ។ សម រង្ស៊ី ត្រូវបានតុលាការផ្ដន្ទាទោសជាច្រើនករណី និងជាឧក្រិដ្ឋជន។ សម រង្ស៊ី និងបក្ខពួកជាក្រុមបំផ្លាញ ជាតិ សាសនា ព្រះមហាក្សត្រ និងសន្តិភាពកម្ពុជា ៕ ដោយ អេង ប៊ូឆេង

Click to comment

Leave a Reply

Your email address will not be published.

To Top