ព័ត៌មានជាតិ

ស្ថានទូតបារាំង ប្រចាំកម្ពុជា សម្តែងមរណទុក្ខចំពោះការ យាងសោយទិវង្គត របស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែ វិច្ឆិកានេះបានផ្ញើសារ សម្តែងមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ ការយាងសោយទិវង្គត របស់សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី«ទេពនាដវដ្ដីឯក»។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរថាស្ថានទូតបារាំងប្រចាំកម្ពុជា សូមសម្តែងមរណទុក្ខដ៏ក្រៀមក្រំ បំផុតថ្វាយព្រះញាតិវង្សរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាដួងព្រលឹងនៃរបាំព្រះរាជទ្រព្យកម្ពុជា។

ស្ថានទូតបារាំងបញ្ជាក់ថា “ជាមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសបារាំង សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានគ្រឿងឥស្សរិយយសសិល្ប: និងអក្សរសាស្រ្ត ថ្នាក់ធិបឌិន្ទ ពីប្រទេសបារាំង”។

សូមរំលឹកថាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សូមរំលឹកថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រសូត្រ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

To Top