ព័ត៌មានជាតិ

កម្ពុជាស្នើកូរ៉េ ពិនិត្យលទ្ធភាព ជួយបង្កើន ការបញ្ជាទិញ ទំនិញពីកម្ពុជា និងលើកទឹកចិត្ត វិនិយោគិនកូរ៉េ មកវិនិយោគ បន្ថែមទៀត

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំឲ្យភាគីកូរ៉េ ពិនិត្យលទ្ធភាព ជួយបង្កើនការបញ្ជាទិញ ទំនិញពីកម្ពុជា ព្រមទាំងលើកទឹកចិត្ត ឲ្យវិនិយោគិនកូរ៉េ មកវិនិយោគ បន្ថែមទៀតនៅកម្ពុជាផងដែរ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម ។

ក្នុងឱកាសចូល រួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ លោក ប៉ាន សូរស័ក្តិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដោយបានពិភាក្សា លើស្ថានភាពវិវឌ្ឍពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហា ស្តីពីកិច្ចព្រមព្រៀងអាសិប។

ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្រ្តី បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញ ទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េ មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្រ្តីពាណិជ្ជកម្មទាំងពីរ ក៏បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី កម្ពុជា-កូរ៉េ ដែលតាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយពង្រឹងនិងពង្រីក ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើត ឱកាសការងារក្នុងស្រុក ការនាំចេញទំនិញ និងសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ ប្រជាជននៃប្រទេស ទាំងពីរផងដែរ។

កាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦លានដុល្លាសហរដ្ឋ ដោយកើនឡើងប្រមាណ ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗ របស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ និងកៅស៊ូធម្មជាតិ ។ល។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់ ។ល ៕

ដោយ ៖ ខា ដា

To Top