ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន (SOMTC-Leader) បានស្នើឲ្យ សមាជិកអាស៊ាន ចូលរួមទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ខណៈឧក្រិដ្ឋកម្មឆ្លងដែន បានបង្កគ្រោះថ្នាក់ដល់ប្រទេសជាច្រើនផងដែរ។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសមាជិកអាស៊ាន លើកទី១៣ ស្តីពី ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-13) និងកិច្ចប្រជុំផ្សេងទៀត នៅទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មៀច សុផាន់ណា បានថ្លែងថា ឧក្រិដ្ឋកម្មឆ្លងដែន បានបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់ប្រទេសជាច្រើនក្នុងសតវត្សរ៍ទី២០។ហើយការខ្វះខាតនូវគោលនយោបាយដ៏ជាក់លាក់ ប្រទាក់ក្រឡាគ្នាក្នុងកំរិតអន្តរជាតិក្នុងពេលដែល ឧក្រិដ្ឋកម្មឆ្លងដែនកាន់តែកើនឡើងនោះ សន្តិសុខពិភពលោកទាំងមូល ត្រូវបានគំរាមកំហែងយ៉ាងខ្លាំង ក្នុងសតវត្សរ៍ទី២១នេះ។
លោក ថា “ស្នើឲ្យមានគោលនយោបាយសម្រាប់អនុវត្ត និងឆ្លើយតបក្នុងកំរិតថ្នាក់តំបន់ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហានេះតែឯងបានទេ”។
បន្ទាប់ពីប្រជុំពាក់ពន្ធ័ឧក្រិដ្ឋកម្មឆ្លងដែន នាថ្ងៃដដែល លោក មៀច សុផាន់ណា ក៏បានបន្តដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិន ដោយបានពិភាក្សាលើការងារពង្រឹង ការការពារ សន្តិសុខ និងសុវត្ថិភាពប្រជាជន នៅខេត្ត ព្រះសីហនុ ។
នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីចិន ក៏បានមានមតិចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទល្បែងស៊ីសងតាមប្រពន្ធ័អ៊ីនធឺណិត (Game Online)៕ដោយ អេង ប៊ូ ឆេង