នយោបាយ

កឹម មនោវិទ្យា ៖ ក្រុមលោក សម រង្ស៊ី បើកយុទ្ធនាការ លាបពណ៌ និងមួលបង្កាច់ លោក កឹម សុខា

ភ្នំពេញ ៖ ក្នុងនាមជាកូនស្រីច្បង របស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែលកំពុងរស់នៅក្រៅប្រទេស បានទទួលស្គាល់ថា ក្រុមលោក សម រង្ស៊ីបានបើកយុទ្ធនាការ លាបពណ៌ និងមួលបង្កាច់លើលោក កឹម សុខា ថា ជាអាយ៉ង របស់គណបក្សកាន់អំណាច ព្រោះភ័យខ្លាច ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោសឲ្យ លោក កឹម សុខា ។

កញ្ញា កឹម មនោវិទ្យា បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា តុលាការកំពុងព្យាយាម កាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិថាជាអាយ៉ងអាមេរិក បន្ទាប់ពីការចាប់ខ្លួនគាត់យ៉ាងព្រៃផ្សៃ និងឃុំគាត់ទាំងខុសច្បាប់ ជាង២ឆ្នាំមក ។

កញ្ញាបន្តថា “ទន្ទឹមគ្នានេះ យុទ្ធនាការលាបពណ៌ក្រុម លោក សម រង្ស៊ី បាននិងកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខា ថា ជាអាយ៉ងបក្សកាន់អំណាច ដោយភ័យច្រួលច្របល់ខ្លាច លោក កឹម សុខា ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ” ។

កញ្ញាប្តេជ្ញាថា “ទាំងអស់នេះសុទ្ធតែជា នយោបាយដ៍គម្រក់ ដែលត្រូវតែប្តូរឲ្យ បានជាដាច់ខាតពីកម្ពុជា ។ ក្នុងនាមកូនស្រីឈាមខ្មែរមួយរូប ខ្ញុំនឹងតស៊ូបំបាត់វប្បធម៌នេះឲ្យបាន ក្នុងរូបភាពណាក៏ដោយ” ។

លោក កឹម សុខា កាលពីប្រមាណជាកន្លះខែមកនេះ ទទួលបានសេរីពេញលេញ តែមិនអាចចេញទៅក្រៅ ស្រុកបាននោះ កាលពីថ្ងៃ២ ធ្នូ តុលាការ សម្រេចបញ្ជូនសំណុំរឿង របស់លោកដែលពាក់ព័ន្ធ អំពើក្បត់ជាតិទៅជំនុំជម្រះបន្ត ៕

To Top