ព័ត៌មានជាតិ

ទម្រង់កាយវិការពិត របស់ព្រះបដិមា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានដាក់បង្ហាញ ក្នុងគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

ភ្នំពេញ៖ មានចម្ងល់ជាយូរមកហើយ ទាក់ទងនឹងទម្រង់ កាយវិការពិត របស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវ ខ្លះយល់ថា ព្រះអង្គមានកាយវិការ សមាធិ ឯខ្លះទៀតថា ព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់ មានភស្តុតាងណាមួយ បញ្ជាក់ច្បាស់តាមរយៈ ការសន្និដ្ឋានរបស់ មតិនីមួយៗនៅឡើយ។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

ទាក់ទងនឹងភាពផ្ទុយគ្នា នៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេស លើកទី៣៣ នៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះ មកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិត របស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់ លើកដៃប្រណម្យ ត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះ បានបង្ហាញភស្តុតាងជាច្រើន ទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគ បែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែក ព្រះហត្ថដែលរក្សាទុក នៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួន នៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយ ត្រង់ចំណុចដែលតភ្ជាប់គ្នា។

ការរកឃើញនេះ ជាលទ្ធផលស្រាវជ្រាវថ្មីមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រួមគ្នារវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺ នូវចម្ងល់និងភាពប្រទាំងប្រទើសគ្នា លើការយល់ឃើញផ្សេងគ្នា ឱ្យងាកមកស្របគ្នាបាន៕

To Top