នយោបាយ

សម្ដេចតេជោ៖ នៅលើពិភពលោក គ្មានប្រទេសណាមួយ បញ្ចប់សង្គ្រាមដូចនៅកម្ពុជាទេ (វីដេអូ)

ភ្នំពេញ៖ ដោយលើកឡើងពីនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងនាំ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម ទាំងស្រុង នៅឆ្នាំ១៩៩៨ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោបានអះអាងថា នៅលើពិភពលោក គ្មានប្រទេសណាមួយបញ្ចប់សង្គ្រាម ដូចតាមបែបកម្ពុជានោះទេ។

សម្ដេចតេជោនាយរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរ នយោបាយឈ្នះ ឈ្នះ គឺជាឱសថទិព្វ ។ ឥឡូបនៅសល់ តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមទាំងស្រុង និងការឯកភាពទឹកដី។

សម្ដេចសង្កត់ធ្ងន់ “ខ្ញុំយកពេលវេលា ដែលប្រមុខរដ្ឋ និង នាយករដ្ឋមន្រ្តី ខៀវ សំផន ប្រធានសភា នួន ជា និងគណៈរដ្ឋមន្រ្តីទាំងមូល របស់ខ្មែរក្រហម មកចុះចូលដល់ផ្ទះរបស់ខ្ញុំ នៅលើពិភពលោក អត់ទាន់មានសង្គ្រាមណាមួយ ដែលបញ្ជប់តាមបែបកម្ពុជានោះទេ”។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹក អំពីការបញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិល នៅកម្ពុជា ក្រោយពីសម្តេច បានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសជាតិគឺ ទី១) ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ ឲ្យទៅជាតំបន់ដែលមានសុខសន្តិភាព ទីជាកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម។

ទី២)គឺប្រែក្លាយតំបន់ព្រំដែន នៃប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែន ដែលមានសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ល្អជាមួយគ្នា៕ ដោយ បាន ធារ៉ូ

To Top
×