ព័ត៌មានជាតិ

Full Story ៖ នាយករដ្ឋមន្រ្តី ៖ មន្ទីរពេទ្យខ្មែរ មានសមត្ថភាពព្យាបាល ដោះដូរក្រលៀននិងសរីរាង្គមនុស្សបាន (វីដេអូ)

ភ្នំពេញ ៖ នេះជាដំណឹងដ៏ល្អ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនទៀតទេ ក្នុងការទៅសេវាព្យាបាលជំងឺផ្នែកគ្រឿងក្នុង ព្រោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈថា មន្ទីរពេទ្យនៅស្រុកខ្មែរ គឺពេទ្យយោធាមានសមត្ថភាព ក្នុងការដោះដូរក្រលៀន និងថ្លើមបាន ។

ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ បានប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋ ឲ្យបានដឹងពីសមត្ថភាព មន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យទាហាន) ដែលអាចព្យាបាល និងដោះដូរក្រលៀន (គ្រឿងក្នុង) និងសរីរាង្គមួយចំនួនបាន ដោយមិនចាំបាច់ចំណាយថវិកា ច្រើនចេញទៅព្យាបាល នៅពេទ្យក្រៅប្រទេសឡើយ។

សម្តេចតេជោបន្តថា ការដូរក្រលៀន ឬសរីរាង្គក្នុងមួយចំនួនអាចធ្វើបានប្រកបដោយសុវត្ថិភាព នៅមន្ទីរពេទ្យព្រះកេតុមាលា ។ សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋ កំពុងជួបបញ្ហាដូរក្រលៀន កុំអស់សង្ឃឹម ទោះបីគ្មានប្រាក់ គឺឲ្យតែមានសាច់ញាតិបងប្អូនកូនចៅ ឬគ្រួសារអ្នកជំងឺមានក្រលៀនប្រភេទដូចគ្នា គឺអាចមកពិភាក្សា ព្យាបាលនិងដោះដូរនៅមន្ទីរពេទ្យនេះបាន ដែលមានគុណភាពល្អ ដូចមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។

សម្ដេចបញ្ជាក់ថា “ការប្ដូរក្រលៀន ឬសរីរាង្គមួយចំនួន គឺធ្វើបាននៅកម្ពុជាយើង ដោយសុវត្ថិភាព គឺនៅក្នុងមន្ទីរពេទ្យកងទ័ព របស់យើងតែម្ដង”។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានហាមឃាត់ដាច់ខាត ចំពោះអំពើជួញដូរក្រលៀន និងគ្រឿងក្នុងមនុស្សដោយខុសច្បាប់ ដែលនឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ មិនលើកលែងឡើយ ។

នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសមន្ទីរពេទ្យកាល់ម៉ែត ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីសក្តិសមជាកន្លែងព្យាបាលរបស់ជាតិ ក្នុងការបម្រើសេវាសុខភាពពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ ដោយសង្កេតឃើញ នៅមានការខ្វះចន្លោះប្រហោង និងខ្វះការទទួលខុសត្រូវ ពីសំណាក់ គ្រូពេទ្យឯកជនមួយចំនួន ក្នុងការទទួលព្យាបាលអ្នកជំងឺ និងសកម្មភាព អសីលធម៌ពីសំណាក់ពេទ្យរដ្ឋ សម្ដេចតេជោ បានអំពាវនាវឲ្យគ្រូពេទ្យទាំងពីរភាគី ទទួខុសត្រូវក្នុងការព្យាបាលអ្នកជំងឺ និងគ្រប់គ្រូពេទ្យរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់ ជាមួយសីលធម៌ឲ្យបានខ្ជាប់ខ្ជួន។

សម្ដេចបញ្ជាក់ថា “អាហ្នឹងក៏ត្រូវពិនិត្យ ធ្វើការជាមួយ គ្រូពេទ្យឯកជន បើអ្នកឯកចាប់ផ្ដើមត្រូវឲ្យ មានការទទួល ខុសត្រូវពីដើមដល់រហូតដល់ចប់ បើអ្នកឯកទទួលមិនបានទេ ត្រូវបញ្ជូនទៅមន្ទីពេទ្យរដ្ឋ កុំឲ្យទាល់តែជិតដាច់ដង្ហើម ហើយទើបបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ វាចេះអីក៏ចេះ អានេះចេះទាក់ទងនឹងជីវិត របស់មនុស្សទៅទៀត” ។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវដល់មន្រ្តីសុខាភិបាល នៅតាមមណ្ឌលនិងមន្ទីរពេទ្យនានាត្រូវទទួលស្គាល់ពីារត្អូញត្អែរជុំវិញក្រមសីលធម៌ និងវិជ្ជាជីវៈ របស់គ្រូពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺជាមុខសិន ដោយកុំគិតលុយជាធំ។

សម្ដេចបញ្ជាក់ថា “ទោះបីជាគ្រូពេទ្យក្នុងផ្នែករដ្ឋ ឬគ្រូពេទ្យក្នុងវិស័យឯកជនកុំយកលុយជាធំ ត្រូវយកជីវិតប្រជាជនធ្វើជាធំ រឿងលុយរឿងកាក់ទុកក្រោយ ធ្វើម៉េចដោះស្រាយបញ្ហាព្យាបាលឲ្យគាត់សិន” ។

ពាក់ព័ន្ធជាមួយក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ សម្ដេចក៏លើកឡើងផងដែរថា សីលធម៌របស់គ្រូពេទ្យ គឺជាឱសថមួយមុខ សម្រាប់ការលើកទឹកចិត្តរបស់អ្នកជំងឺផងដែរ។ ទោះបីមិនទាន់បានព្យាបាលអ្វី ប៉ុន្តែទទួលការរាក់ទាក់ នេះក៏ចាត់ទុកជាការលើកទឹកចិត្តមួយ មិនសម្រាប់តែអ្នកជំងឺនោះទេ គឺសម្រាប់បងប្អូនអ្នកជំងឺដទៃទៀតផងដែរ ។

សម្ដេចបញ្ជាក់ថា “អ្វីដែរខ្ញុំចង់បាន គឺសីលធម៌របស់គ្រូពេទ្យ ឲ្យក្លាយទៅជាសីលធម៌ ដែលប្រជាជនយើងទទួលនូវការ ស្រឡាញ់ ការពេញចិត្ត ការរាប់អាន ទោះបីជាជំងឺនេះព្យាបាលមិនជា ក៏បង្ហាញឲ្យគាត់ថា គាត់អស់ចិត្តហើយ ដោយសារគ្រូពេទ្យយកចិត្តទុកដាក់” ។

ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រដល់និស្សិតពេទ្យនេះ សម្តេចតេជោ បានប្រកាសផ្តល់ក្របខណ្ឌ ដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំចំនួន ៣,៦០០នាក់ និងក្រសួងសុខាភិបាល ចំនួន ១,៣០០នាក់ ដោយសារកំណើ នៃសិស្សានុសិស្សកើនឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួន ត្រូវបានចូលនិវត្តន៍ ដែលតម្រូវឲ្យមានការជ្រើសរើស បុគ្គលិក មន្រ្តីរាជការបន្ថែម ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top