ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ព្រួយបារម្ភពីករណីចោរគាស់ផ្ទះ កំពុងតែកើតឡើងយ៉ាងខ្លាំង នៅក្នុងខេត្ត

តាកែវ៖ គោលនយោបាយសុវត្ថិភាពភូមិឃុំ នៅក្នុងខេត្តតាកែវ កំពុងតែរងប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីមានករណី គាស់ផ្ទះប្រជាពលរដ្ឋ បានកើតឡើងយ៉ាងព្រោងព្រាត នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយករណីនេះ មិនបង្កការរំខានដល់អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ លោកអភិបាលខេត្តតាកែវ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង។

ថ្លែងនៅក្នុងកិច្ចប្រជុំ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ នៅព្រឹកថ្ងៃ សុក្រ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩នេះ នៅសាលាខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឲ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចជំនាញ ត្រូវស្រាវជ្រាវនិងពិនិត្យមើល បញ្ហានេះឡើងវិញ ព្រោះករណីចោរគាស់ផ្ទះនេះ កំពុងតែមានការកើនឡើង គួរឲ្យកត់សម្គាល់នៅក្នុងខេត្តតាកែវ។

លោកអភិបាលខេត្តថ្លែងថា «សូម្បីតែផ្ទះអតីតស្នងការ មេប៉ុស្តិ៍និងសាខាពន្ធដាខេត្ត រោងចក្រ ក៏ក្រុមចោរ ហ៊ានចូលគាស់ដែរ ដូច្នោះបញ្ហាសន្តិសុខ សមត្ថកិច្ចនគរបាលបាលនិងអាវុធហត្ថ ត្រូវស្រាវជ្រាវនិងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យបញ្ហានេះកើតឡើងបន្តទៀត»។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានស្នើរឲ្យប្រធានមន្ទីរ ស្ថាប័នទាំងអស់នៅក្នុងខេត្ត បំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមអង្គភាពរបស់ខ្លួន ឲ្យបានគ្រប់គ្នាៗ ហើយសាលាខេត្ត និងបំពាក់កាមេរ៉ាសុវត្ថិភាពមុនគេ ដើម្បីធ្វើជាគម្រូ៕ ដោយ៖ ដូនកែវ

To Top