ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ត្រូវត្រួតពិនិត្យមើលថែរក្សា ការពារធនធានក្នុងបាតសមុទ្រកុំឲ្យមានការវិនិយោគណាមួយ ដែលប៉ះពាល់ដល់ជីវចម្រុះ ខណៈសម្ដេចធ្លាប់ប្រកាសជំទាស់ជានិច្ចចំពោះការស្នើសុំវិនិយោគដាំសារាយក្នុងសមុទ្រកម្ពុជា។
ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅរាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ខ្ញុំពិតជាមានការចាប់អារម្មណ៍ តំបន់នៅក្រោមសមុទ្រទាក់ទងជាមួយតំបន់ការពារចំណុចនេះ ជាចំណុចដែលត្រូវយកចិត្តទុកដាក់ជាពិសេសដែលសូមស្នើឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានរួមគ្នាពិនិត្យមើលពីធនធាន បាតសមុទ្ររបស់យើងក្នុងនោះក៏មានផ្នែកក្នុងខេត្តកំពត របស់យើងដែលតម្រូវឲ្យមានការគិតគូរហ្មត់ចត់។ ត្រង់នេះហើយដែលអស់លោកអាចនៅចាំបានថាខ្ញុំតែងជំទាស់ជានិច្ច នូវការប៉ុនប៉ងណាក៏ដោយដែលសុំធ្វើការវិនិយោគ ទៅលើការដាំសារាយនៅក្នុងសមុទ្រកម្ពុជា”។
សម្ដេចថ្លែងបន្ថែមថា” ឯកឧត្តម លោកជំទាវជាពិសេសនៅក្នុងខេត្តកំពត និងខេត្តព្រះសីហនុ ខេត្តកែប អាចនឹងដឹងបានហើយឯកឧត្តមទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ និងភាគីពាក់ព័ន្ធតែងស្នើមកខ្ញុំ ពាក់ព័ន្ធការដាំសារាយកក្នុងសមុទ្រ។ សំណួរដែលខ្ញុំបានដាក់ចេញឲ្យអស់លោកពិចារណា ឲ្យអស់លោកឆ្លើយតបជាមួយខ្ញុំថា តើតំបន់ដែលមានការវិនិយោគបែបនេះ តើជាតំបន់ដែលមានការហាមឃាត់ចំពោះប្រជាជនសម្រាប់ការនេសាទ មានការហាមឃាត់ចំពោះមុខរបររបស់ប្រជាជនឬអត់ ហេតុអ្វីបានជាសមុទ្រធំល្វឹងល្វើយ សមុទ្រធំជាងផែនដីទៅទៀត គេមិនទៅវិនិយោគបែរមកស្រឡាញ់កម្ពុជាធ្វើការវិនិយោគនៅខេត្តកំពត និងខេត្តព្រះសីហនុ ។ រឿងគួរឆ្ងល់ រឿងគួរឲ្យចាប់ចិត្ត ឥឡូវនេះដោយសារតែការសួររបស់ខ្ញុំនេះ ហើយដែលរក្សាបាននូវធនធានធម្មជាតិ នៅក្នុងសមុទ្រនិងបាតសមុទ្របន្ថែមពីនោះការជំទាស់ របស់ខ្ញុំមិនឲ្យបូមខ្សាច់ក្នុងសមុទ្រក៏បានថែទាំនូវជីវចម្រុះ នៅក្នុងសមុទ្ររបស់យើង”។
ជាងនេះទៅទៀតសម្ដេចតេជោហ៊ុុន សែន បានអះអាងថាធនធានក្នុងសមុទ្រមានប្រមាណជា ៧ពាន់ហិកតា ដែលគ្រប់ដណ្ដប់ទៅដោយស្មៅសមុទ្រនិងមានអ្វីៗនៅទីនោះ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់និងថែរក្សាដាក់ជា តំបន់ដែលត្រូវការពារយ៉ាងណាដើម្បីធានាថាកន្លែងនោះវាក៏ក្លាយជាកន្លែងទេសចរណ៍ ដ៏ទាក់ទាញសម្រាប់អ្នកទេសចរមុជទឹក លេងកម្សាន្តបាន៕