ព័ត៌មានជាតិ

១ឆ្នាំ CMAC សម្អាតផ្ទៃដីមានគ្រាប់មីន ៦៦លានម៉ែត្រក្រឡា និងកម្ទេចជាង៣ម៉ឺនគ្រាប់

ភ្នំពេញ ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដី ៦៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាង៣៦.១៦៥គ្រាប់ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរថា “ការងារប្រតិបត្តិការ បោសសម្អាតមីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងរំដោះផ្ទៃដី សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩ លទ្ធផលប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រំដោះផ្ទៃដីបានទំហំ ៦៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា លើចំការមីន-ចំការគ្រាប់៤៨៧ទីតាំង”។

លោកបន្ដថា កិច្ចប្រតិបត្តិការនេះរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦.១៦៥គ្រាប់ ក្នុងនោះ ៖ មីនប្រឆាំងមនុស្ស ៥.៤១៥គ្រាប់ , មីនប្រឆាំងរថក្រោះ ៧៥គ្រាប់ , មីនច្នៃ ១៥គ្រាប់ ព្រមទាំងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ៣០.៦៦០គ្រាប់ និងបោះផ្លាកសញ្ញាព្រំចំការមីន បានប្រវែង៣៧១.២០០ម៉ែត្រ ហើយបានឆ្លើយតបតាមសំណើ (EOD Calls) ៣.១៤៤ សំណើ ។

បន្ថែមពីនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានរំដោះផ្ទៃដី ដោយផ្តល់ប្រយោជន៍ផ្ទាល់ដល់ ពលរដ្ឋ ៤០.៨៥០គ្រួសារ និងដោយប្រយោលជាង៥០.០០០គ្រួសារ ។ គិតជាមនុស្សរាប់រាយលាននាក់ ។ ទន្ទឹងនឹងនេះ ការងារអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន បាន១១.២៣០លើក ស្មើនឹង៧០.៤២៨ខ្នងផ្ទះ បើគិតជាពលរដ្ឋទូទៅ ៥៣៣.២៤២នាក់ផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top