ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ៖ ការបំពុលខ្យល់ នឹងកើនឡើងជាបន្តបន្ទាប់ បើមិនមានវិធានការ គ្រប់គ្រងត្រឹមត្រូវ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំពុលខ្យល់ នឹងមានសភាពកើនឡើង ជាបន្តទៀតនាឆ្នាំបន្តបន្ទាប់ ប្រសិនបើមិនមានវិធានការ គ្រប់គ្រង ឲ្យបានសមស្របណាមួយ ។

យោងតាមសារាចររបស់ រាជរដ្ឋាភិបាល ស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ទន្ទឹមនឹងការរីកចម្រើន យ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ក្នុងត្រួតពិនិត្យគុណភាពខ្យល់ ជាពិសេស គុណភាពខ្យល់សាធារណៈ នៅតាមទីប្រជុំជនធំៗ ដោយតាមដាន លើកំហាប់ភាគល្អិតនិចល មានវិជ្ឈមាត្រតូចជាង២,៥មីក្រូម៉ែត្រ (ហៅកាត់ថា PM២.៥) ដែលមានការកើនឡើង ក្នុងកម្រិតអាចបង្កហានិភ័យ ដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន ។

រាជរដ្ឋាភិបាល បន្ដថា ជាការកត់សម្គាល់ប្រភព និងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឲ្យកំហាប់ភាគល្អិតនិចល PM២.៥ មានការកើនឡើង ដូចជា៖ ការបញ្ចេញផ្សេងពីរោងចក្រឧស្សហកម្ម ,ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហះឥន្ធនៈផ្សេងៗទៀត ,ភ្លើងឆេះព្រៃការដុតរានដីព្រៃ ,ការដុតវាលស្មៅ ,ការដុតគល់ជញ្ជាំង ,ការដុតសំរាម ,ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់។

រាជរដ្ឋាភិបាល បញ្ជាក់ថា «ការបំពុលខ្យល់ នឹងមានសភាពកើនឡើងជាបន្តទៀត នាឆ្នាំបន្តបន្ទាប់ ប្រសិនបើមិនមានវិធានការគ្រប់គ្រងឲ្យបានសមស្រប។កន្លងមករាជរដ្ឋាភិបាល សង្កេតឃើញថា ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិ»។

ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឲ្យបានកាន់តែប្រសើរ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសោភ័ណភាពនៅតាម រាជធានី-ខេត្ត រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការមួយចំនួន ដូចជា ៖ ទី១- ការគ្រប់គ្រងការដ្ឋានសំណង់ ,ទី២- ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈ ដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់ ,ទី៣-ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ,ទី៤-ការគ្រប់គ្រងការបញ្ចេញ សារធាតុបំពុលខ្យល់ពីទីតាំងផលិតកម្ម ,ទី៥-ការគ្រប់គ្រងការដុតសំណល់នៅទីចំហ ,ទី៦-ការកែលម្អការគ្រប់គ្រង និងធ្វើឱ្យប្រសើរឡើងបរិស្ថានទីប្រជុំជន និងទី៧-ការបង្កើតប្រព័ន្ធតាមដាន និងព្យាករណ៍ការបំពុលខ្យល់។

ចំណែករដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងគ្រុប តេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២ មករា នេះថា គុណភាពខ្យល់ សាធារណៈនៅកម្ពុជាមានគុណភាពល្អ ប៉ុន្តែរាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់អនុវត្ត សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល ខ្តល់សាធារណៈ ដើម្បីគ្រប់គ្រប់ទីតាំង ប្រភពបំពុលខ្យល់ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕ ដោយ៖ អេង ប៊ូឆេង

To Top