ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ត្រូវរថយន្តបែនដឹកថ្ម បុកស្លាប់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តបែនដឹកថ្ម បុកម៉ូតូបណ្ដាលមន្រ្តីយោធាម្នាក់ ស្លាប់ភ្លាមៗ កាលវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កែងផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសនកៃ អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះ
ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១F០០០៣ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្ក ពណ៌ស គ្មានស្លាកលេខ ដឹកថ្ម ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ នៅពីមុខរថយន្តបែន ក្នុងទិសដៅស្របទិសពីជើងមកត្បូង មិនដឹងថា អ្នកបើករថយន្តងងុយដេក ឬក៏មូលហេតុអ្វីទេ បុកម៉ូតូពីក្រោយ បណ្ដាលអូសប្រហែលជិត១០ម៉ែត្រ ស្លាប់តែម្តង ។

បច្ចុប្បន្នសព បានប្រគល់អោយគ្រួសារ យកទៅបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តបង្កយករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋានរាជធានីភ្នំពេញ ជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំធ្វើការដោះស្រាយ គ្នាពេលក្រោយ ៕

To Top