ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ បើកបររថយន្ត​ធុនធ្ងន់ ប្រភេទ អូសសណ្តោង ជំនាន់ទី១ និងជំនាញ កុំព្យូទ័រ រដ្ឋបាលវគ្គទី១-វគ្គទី២

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញ បើកបររថយន្តធុនធ្ងន់ ប្រភេទអូសសណ្តោង ជំនាន់ទី១ និងជំនាញកុំព្យូទ័រ រដ្ឋបាលវគ្គទី១-វគ្គទី២ របស់កងពលតូច ដឹកជញ្ជូនលេខ៩០, កំពង់ស្ពឺ, ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

លោក បានចាត់ទុក ការងារហ្វឹកហ្វឺន គឺជាការងារស្នូលសំខាន់ ចាំបាច់ត្រូវធ្វើជាប់ជាប្រចាំ ដើម្បីឆ្លើយតប បានទៅនឹងសំណូមពរ ភារកិច្ចចំពោះមុខ របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាតម្រូវការ នៃការអភិវឌ្ឍសមត្ថភាព របស់យោធិន ឱ្យមានសមត្ថភាព ពេញលេញ និងប្រកបដោយវិជ្ជាជីវៈ ដែលជាផ្នែកមួយដ៏សំខាន់ នៃការងារកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធានាបាន នូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។

លោកឧត្តមសេនីយ៍ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើកបររថយន្តធុនធ្ងន់ ប្រភេទអូសសណ្តោងជំនាន់ទី១ ដែលពិតជាបានឆ្លើយតប នឹងសំណូមពរភារកិច្ច ចាំបាច់ចំពោះមុខ របស់កងពលតូច ដឹកជញ្ជូនលេខ៩០ នៅក្នុងការសម្រេច ភារកិច្ចដឹកជញ្ជូន ក្នុងគ្រប់សភាពការណ៍ ដោយបានផ្តល់ឱ្យសិក្ខាកាម នូវចំណេះដឹង និងចំណេះធ្វើលើជំនាញ បើកបររថយន្តធុនធ្ងន់ អូសសណ្តោង, ការងារបច្ចេកទេស ជួសជុលថែទាំ, ចំណេះដឹងអំពីច្បាប់ ចរាចរណ៍ផ្លូវគោក ព្រមទាំងច្បាប់វិន័យកងទ័ព និងលំហាត់រ បៀបសណ្តាប់ធ្នាប់ជួរទ័ព ដែលជាបទដ្ឋានគោល សម្រាប់រក្សាអត្តសញ្ញាណ របស់កងយោធខេមរភូមិន្ទ។

ការបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើកបររថយន្តធុនធ្ងន់ ប្រភេទអូសសណ្តោង ជំនាន់ទី១នេះ គឺជាជំហានថ្មីមួយទៀត អនុវត្តតាមផែនការ ហ្វឹកហ្វឺនប្រចាំឆ្នាំ និងស្របពេល ដែលស្ថានភាពបច្ចុប្បន្ន របស់កងទ័ពជើងគោក កំពុងជួបប្រទះនូវបញ្ហាខ្វះខាត ធនធានមនុស្ស ផ្នែកជំនាញនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ កសាងកម្លាំងដឹកជញ្ជូនឱ្យបានរឹងមាំ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការងារដឹកជញ្ជូន និងឈានទៅសម្រេចភារកិច្ច ទាំងមូលរបស់កងទ័ព។

លោក សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការព្យាយាមយកចិត្តទុកដាក់ របស់កងពលតូចដឹកជញ្ជូន លេខ៩០ ក្នុងការពុះពារជម្នះ រាល់ឧបសគ្គ និងការខ្វះខាតនានា ដើម្បីសម្រេចបាន នូវបទបញ្ជា និងសេចក្តីណែនាំនានា របស់បញ្ជាការដ្ឋាន កងទ័ពជើងគោក ទទួលបានលទ្ធផលល្អប្រសើរ ទាំងលើការងារជំនាញដឹកជញ្ជូន ជាពិសេសនៅក្នុងព្រឹត្តិការណ៍កងទ័ព និងព្រឹត្តិការណ៍ជាតិ សំខាន់ៗជាច្រើន ក្នុងរយៈកាលកន្លងមក, ការងារគ្រប់គ្រងកម្លាំង, និងការងារជួសជុល-ថែទាំ សម្ភារបច្ចេកទេស, ក៏ដូចជាការខិតខំកសាង ពង្រឹងអង្គភាព ដោយសម្រេចបានសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន បម្រើឱ្យការបំពេញការងារ កាន់តែមានប្រសិទ្ធភាព ហើយជីវភាព និងសុខមាលភាព របស់កងទ័ពកាន់តែល្អសមរម្យ។

ផ្ទាំងពាណិជ្ជកម្ម

ទាំងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរ អំពីសមត្ថភាពរបស់កងពល ក្នុងការក្តាប់ជាប់នូវតួនាទី និងភារកិច្ចលើការងារដឹកជញ្ជូន ដែលជាសរសៃឈាម រស់ពុំអាចខ្វះបាន រួមចំណែកផ្សារភ្ជាប់ ទាន់ពេលវេលា រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងដែលមានអត្ថន័យ កំណត់ដល់លទ្ធផលការងារ ភ័ស្តុភារកងទ័ព។

លោកមេទ័ពជើងគោក សូមគាំទ្រចំពោះការបេ្តជ្ញាចិត្ត ​ក្នុងការខិតខំកែខៃបំពេញបន្ថែម​ រាល់ចំណុចខ្វះខាតនានា ដើម្បីធ្វើយ៉ាងណា ឱ្យបណ្តាវគ្គហ្វឹកហ្វឺន ឆ្នាំ២០២០ នាពេលខាងមុខ អាចដំណើរការ ទៅកាន់តែប្រសើរឡើង និងសូមណែនាំ ដល់គ្រប់បណ្តាអង្គភាព និងសាលាចំណុះកងទ័ព ជើងគោកទាំងអស់ ចាំបាច់ត្រូវចាប់ផ្តើម យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឱ្យការហ្វឹកហ្វឺន ធានាបាននូវគុណភាព ជាជាងបរិមាណ និងត្រូវពង្រឹងការងារគ្រប់គ្រង ចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសុខុមាលភាព សន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿង បំពាក់ឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ សូមធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមរក្សាភាពស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ, គោរពឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗ និងត្រូវយកចិត្តទុកដាក់ជាចាំបាច់ លើការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការ ស្នេហាជាតិ សំដៅធានាប្រសិទ្ធភាព នៃការអនុវត្តតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពជាតិ។

មានតែសន្តិភាពទេ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ និងសម្រាប់បន្តដល់អ្នកជំនាន់ក្រោយៗ បន្តបន្ទាប់ទៀតផងដែរ។ សូមអរគុណសន្តិភាព, សូមអរគុណអ្នករកសន្តិភាព និងសូមនាំគ្នាថែរក្សា កុំឱ្យបាត់បង់។ ទន្ទឹមនឹងនេះ ក៏ត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយ ជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវឱ្យបានរហ័សបំផុត៕

To Top