ព័ត៌មានជាតិ

អេសស៊ីជី ប្រកាសរកចំណូលបាន ១១៤លានដុល្លារ ពីទីផ្សារស៊ីម៉ង់តិ៍ និងសម្ភារៈសាងសង់ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្ម ស៊ីម៉ងត៍-សម្ភារៈសាងសង់ អេសស៊ីជី បានឱ្យប្រកាសឱ្យដឹងនៅថ្ងៃ សុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ខ្លួន បានរកចំណូលរកដល់ទៅ១១៤លាន ក្នុងទីផ្សារស៊ីម៉ងត៍-សម្ភារៈសាងសង់ នៅប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន ឱ្យដឹងថា នៅក្នុងទីផ្សារប្រទេសកម្ពុជា ចំណូលពីការលក់សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់ SCG សម្រេចបាន ៤៦៤ប៊ីលានរៀល (១១៤លានដុល្លារអាមេរិក), កើនឡើង ១៧% បើធៀបនឹងត្រីមាសទី៤ដូចគ្នានៃឆ្នាំ២០១៨ ដែលកំណើននេះជំរុញ ដោយអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសាងសង់ ។ ចំណូលពីការលក់នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៩, SCG សម្រេចបាន ១.៨២៩ប៊ីលានរៀល (៤៥១លានដុល្លារអាមេរិក)។

ក្រុមហ៊ុនដដែលអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែសម្រេចបានកំណើន ដ៏រឹងមាំជាបន្ត នៅក្នុងអំឡុងពេលត្រីមាសចុងក្រោយ នៃឆ្នាំ២០១៩ ។ វិស័យសំណង់នៅតែមានសុខភាពល្អ ដោយសារការវិនិយោគសាធារណៈ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីរដ្ឋាភិបាល និងការបន្តហូរចូលនូវវិនិយោគទុន នៅក្នុងវិស័យសំណង់ ជាពិសេស វិនិយោគទុន មកពីប្រទេសចិន នៅតាមបណ្ដាទីក្រុងកាស៊ីណូថ្មីៗ នៅតាមតំបន់ព្រំដែនកម្ពុជា ។

មិនតែប៉ុណ្ណោះ ខ្លួន បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធី«បណ្ដុះបណ្ដាលជំនាញ អេសស៊ីជី» ដែលសំដៅដើម្បីលើកកម្ពស់ ជំនាញរបស់មេជាងសំណាង់ នៅក្នុងវិស័យសាងសង់ ជាលើកទីពីរ នៅឆ្នាំ២០១៩នេះ ដោយបានបណ្ដុះបណ្ដាល មេជាងសំណង់ នៅក្នុងស្រុក ជាង ៤០០នាក់ មកពីតាមបណ្ដាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ។

លោក Roongrote បានមានប្រសាសន៍ថា «ការប្រែប្រួលឡើងចុះដែលជំរុញ ដោយកត្តាខាងក្រៅ ដែលគេមិនអាចគ្រប់គ្រងបាន បានធ្វើឲ្យមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ ទៅលើក្រុមហ៊ុននានានៅទូទាំងពិភពលោក ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ”។ “ជាលទ្ធផល នៅឆ្នាំ២០២០នេះ SCG ចាំបាច់ត្រូវតែបង្កើតយុទ្ធសាស្ត្រអាជីវកម្មគ្រប់ជ្រុងជ្រោយ ដើម្បីជំនះលើការរំខានទាំងនេះជាបន្ទាន់ និងដើម្បីរក្សាកំណើនអាជីវកម្ម ប្រកបដោយចីរភាព” ៕

To Top