ភ្នំពេញ៖ សហគមន៍និងអង្គការ សង្គមស៊ីវិល ចំនួន១០០បានសំណូមពរដោយទទូចអោយ រាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍វិសោធនកម្មច្បាប់ ស្ដីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលឲ្យបានឆាប់រហ័ស។
សេចក្តីថ្លែងការណ៍របស់ ក្រុមអង្គការនៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំលើកទី៤ថ្ងៃនេះរវាង ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយចំនួន បានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមាន ចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានភាពល្អប្រសើរនោះទេ។ នេះគឺជាសកម្មភាពចុងក្រោយមួយនៃសកម្មភាពផ្សេងៗទៀតដែលបង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម និងក្រុមសហគមន៍មូលដ្ឋានផងដែរ។
មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន បានលើកឡើងថា គំនិត យោបល់ផ្សេងៗគ្នារបស់ក្រុមសង្គមស៊ីវិលរាប់ពាន់ស្ថាប័ន គឺជាហេតុផលដែលមិនអាចធ្វើវិសោធនកម្មច្បាប់នេះបាន។
សេចក្តីថ្លែងការណ៍បន្តថា”យើងខ្ញុំយល់ឃើញថា ភាពខុសប្លែកគ្នានៅក្នុងរចនាសម្ព័ន្ធដឹកនាំ គោលបំណង និងតំណាងរបស់ក្រុមផ្សេងៗ សមាគម និងអង្គការ គឺជាភាព រឹងមាំនៃសង្គមស៊ីវិលមួយដែលមានលក្ខណៈសេរី ចម្រុះមជ្ឈដ្ឋាន និងឯករាជ្យ។ ដោយអះអាងពីតម្រូវការនៃគំនិតយោបល់រួមជាឯកច្ឆន្ទរបស់ក្រុមសង្គមស៊ីវិល ក្រសួងមហាផ្ទៃគឺកំពុងតែបង្ហាញពីការខ្វះឆន្ទៈរបស់ខ្លួននៅពីក្រោយភាពមិនអាចទៅរួចនៃការធ្វើវិសោធនកម្មនេះ”។
បើតាមសេចក្តីថ្លែងការណ៍ដដែល មុនពេលអនុម័តច្បាប់ស្ដីពី សមាគម និង អង្គការ មិនមែនរដ្ឋាភិបាល កាលពីខែកក្កដា ឆ្នាំ២០១៥ ច្បាប់នេះបាន ទទួលរងការរិះគន់យ៉ាងខ្លាំងពី សំណាក់ ក្រុមសហគមន៍ មូលដ្ឋាន សហជីព អង្គការ មិនមែន រដ្ឋាភិបាល ក៏ដូចជា អង្គការ សហប្រជាជាតិ៕