ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសដាក់ឲ្យ អនុវត្តជាផ្លូវការ នូវកម្មវិធី« កុមាររៀនកុមារចេះ »

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធី« កុមាររៀនកុមារចេះ » ដែលប្រព្រឹត្តនៅព្រឹក ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា តាំងនាមឲ្យក្រសួងអប់រំយុវជននិងកីឡា នឹងរដ្ឋាភិបាលដែលបានរួបរួមគ្នា បង្កើតឲ្យមានជាកញ្ចប់អំណាន នឹងវិធីសាស្រ្តអំណានសម្រាប់បង្រៀនអំណានដំបូង ក្នុងសាលាគរុកោសល្យតែម្តង ។ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងនេះ ហើយការងារនេះក៏មិនមែនការងារស្រួលដែរ ដែលឆ្លុះបញ្ចាំងការខិតខំក្នុងរយៈពេលដ៏យូរ។ទី១ខ្ញុំចង់កត់សម្គាល់ថា ការដាក់ឲ្យប្រើប្រាស់នូវកញ្ចប់អំណានដំបូងនេះ បង្ហាញពីការរួបរួមពីមតិយោបល់ផ្សេងៗគ្នា នៅក្នុងការបង្រៀនភាសាខ្មែរ ពីមុនយើងបង្រៀនភាសាខ្មែរ តាមរបៀបប្រក ។

លោកបានមានប្រសាសន៍បន្តទៀតថា នៅក្នុងឆ្នាំ១៩៩៧នៅក្នុងនាយកដ្ឋានបណ្តុះបណ្តាល គឺមានការលើកមតិមួយថា ការបង្រៀនភាសាខ្មែរ អាចបង្រៀនបានលឿន ប្រសិនបើយើងប្រើប្រាស់នូវវីធីសរុប នូវពេលដែលយើងចាប់ផ្តើមបង្រៀនវិធីសរុបនោះទៅ នៅក្នុងឆ្នាំ២០១០យើងឃើញថាសិស្សចំនួនប្រមាណជា៣០-៤០% មិនចេះអាននឹងមិនចេះសរសេរ ឲ្យបានស្ទាត់ជំនាញឡើយ ។ ដូច្នេះទាមទារនូវការពិនិត្យមើលនូវវិធីសាស្រ្តក្នុងការបង្រៀន ។ បន្ទាប់ពីការដាក់ឲ្យអនុវត្តសាកល្បងនូវវិធីសាស្ត្រប្រកបនេះ យើងឃើញថាសិស្សប្រមាណជា២៥% ដែលមិនចេះអានមិនចេះសរសេរហ្នឹង គឺត្រូវបានចេះអាននិងចេះសរសេរ ។ ដូច្នេះហើយទើបក្រសួងអប់រំ យុវជននិងកីឡា ជាមួយនឹងដៃគូបានបង្រួបបង្រួមវិធីសាស្រ្តនេះ ឲ្យមាន៧ជំហាន ដែលចាប់ផ្តើម ពីការប្រកប ស្គាល់តួអក្សរ ឲ្យស្គាល់សូរ ហើយបន្ទាប់មកឲ្យចេះសរសេរ ឃ្លា តែងឃ្លា តែងល្បះ ហើយចុងក្រោយគឺយើងប្រើវិធីសាស្រ្តតាមបែបសរុបមានន័យថា ចាប់ផ្តើមពីប្រកប ហើយបញ្ចប់នូវវិធីសាស្រ្តសរុប យើងបញ្ចូលនូវវិធីសាស្រ្ត ទាំងពីរ ជាវិធីសាស្ត្របង្រៀន ឲ្យមានប្រសិទ្ធភាពតែម្តង នេះជាចំណុចទី១ធំដែលយើងបានឯកភាពគ្នា ។

ទី២មានមតិផ្សេងៗថា ភាសាខ្មែរស្រួលរៀន ប៉ុន្តែមតិខ្លះថា ភាសាខ្មែរពិបាករៀន ចឹងមានមតិពីក្នុងពេលយើងជជែកគ្នាពីរឆ្នាំមុន។ ដូច្នេះខ្ញុំសុំមិនលើកមតិទាំងពីរ ហ្នឹងមួយណាខុសមួយណាត្រូវទេ ប៉ុន្តែចង់បង្ហាញថា សិស្សចំនួនប្រមាជា ៣០-៤០% នៅពេលដែលគាត់ឡើងទៅរៀននូវមធ្យមសិក្សាគឺគាត់អត់ចេះអានអត់ចេះ សរសេរច្បាស់ទេ ចឹងនូវពេលដែលយើងអនុវត្តការពង្រឹងគុណភាពអប់រំនូវកម្រិតមធ្យមសិក្សា យើងឃើញថា សិស្សថ្នាក់ទី៧គឺមិនចេះអានមិនចេះសរសេរច្បាស់ ។ ដូច្នេះគាត់មិនអាចទទួលយកនូវគឺហៅថាមិនអាចរៀនមានប្រសិទ្ធភាពទេអញ្ចឹងនៅថ្នាក់ទី៧ហ្នឹងគឺអត្រាបោះបង់ចោលការសិក្សាខ្ពស់មែនទែននូវពេលយើងត្រឡប់ទៅវិភាគមើលសិស្សនៅបឋមសិក្សាវិញ យើងឃើញថា អត្រាបោះបង់ចោលការសិក្សានៅថ្នាក់ទី១ហ្នឹងជិតទៅ១០%ឯណោះហើយជាពិសេសថ្នាក់ទី១និងថ្នាកទី៦ គឺមានអត្រា បោះបង់ចោលការសិក្សាហ្នឹងខ្ពស់ជាងគេ ហើយថ្នាក់ទី១ក៏អត្រាត្រួតថ្នាក់ហ្នឹងខ្ពស់ជាងគេដែរ ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ជួន ណារ៉ុន បានបញ្ជាក់បន្ថែមទៀតថា ថ្វីត្បិតមធ្យមនៅបឋមសិក្សាអត្រាបោះបង់ប្រមាណជា៦% ដូច្នេះក៏បង្ហាញឲ្យឃើញថានូវពេលដែលយើង ចុះទៅពិនិត្យមើល នៅតាមសាលាក៏ឃើញថា បញ្ហាគឺស្ថិតនៅត្រង់ទី១សិស្សថ្នាក់ទី១ខ្លះមិនបានរៀនឲ្យបានចេះសព្វគ្រប់ ហើយទី២ទៀតគឺ៣៥% នៃសិស្ស នៅថ្នាក់ទី១ហ្នឹងមិនបានចូលរៀននៅមត្តេយ្យសិក្សា ។ ដូច្នេះក៏ជាប្រភពនៃបញ្ហាថាតើភាសាខ្មែរហ្នឹង ពិបាកឬដោយសារហេតុអ្វីចឹងខ្ញុំក៏បានធ្វើការស្រាវជ្រាវ សម្រាប់ទិវាជាតិអំណាចយើងនឹងរៀបចំនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ ។

កម្មវិធី«កុមាររៀនកុមារចេះ» ត្រូវបានបង្កើតឡើង តាមរយៈបទពិសោធន៍ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្អែកលើភស្តុតាងនៃការសិក្សាស្រាវជ្រាវ លើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា នាពេលកន្លងមក ។ ការផលិតកញ្ចប់សម្ភារៈទាំងអស់នៅក្នុងកម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារ ជំនួយអាមេរិក មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ អង្គការយូណេស្កូ អង្គការយូនីសេហ្វ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ។

ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គភាព ក្រោមឱវាទក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀន និងវិស័យឯកជនសរុបចំនួន២០០នាក់ ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Michacl Newbili អនុប្រធានស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងលោកស្រី Natascha Paddison នាយិការងប្រចាំប្រទេសកម្ពុជា របស់អង្គការយូនីសេហ្វ ៕

To Top