ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីប្រតិកម្មខ្លាំងៗ ចំពោះសារព័ត៌មាន VNAរបស់វៀតណាម ដែលផ្សាយប៉ះពាល់កិត្តិយសកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះសារព័ត៌មាន VNA របស់វៀតណាម ដែលបានចុះផ្សាយថា វៀតណាម រឹតបន្តឹង ចំពោះពលរដ្ឋដែលមកពីអឺរ៉ុប និងកម្ពុជា ។ជាមួយគ្នាគ្នាសម្ដេចតេជោ បានណែនាំឲ្យលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ ធ្វើការតវ៉ាឲ្យភាគីវៀតណាមបំភ្លឺ ចំពោះករណីនេះ បើមិនដូច្នោះទេ កម្ពុជានឹងធ្វើការតវ៉ា ជាលក្ខណៈកំណត់ទូតតែម្ដង។

កាលពីពេលថ្មីៗនេះ សារព័ត៌មាន VNA វៀតណាមបានចុះផ្សាយថា ជនជាតិជប៉ុនម្នាក់ បានឆ្លងជំងឺ COVID-19 បន្ទាប់ពីហោះចេញពី ព្រលានយន្តហោះអន្តរជាតិសៀមរាប ឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន ក្នុងនោះមានបង្កប់ខ្លឹមសារ ដាក់ប្រទេសកម្ពុជា ទៅជាប្រទេសដែលមានហានិភ័យ សម្រាប់ប្រទេសវៀតណាម។

ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមិនយល់ថា ពលរដ្ឋខ្លះដែលជាជាតិខ្មែរគ្នាឯង បំភ័យប្រជាជន ហើយថែមទាំងមើលស្រាល ប្រព័ន្ធសុខាភិបាលខ្មែរ ។ ជាក់ស្ដែងសូម្បីតែប្រទេសផ្សេងៗ ដែលមានប្រព័ន្ធសុខាភិបាល ទំនើបជាងកម្ពុជាក៏នៅមានមនុស្សស្លាប់ ហេតុអ្វីក៏មកមាក់ងាយតែ ប្រព័ន្ធសុខាភិបាលខ្មែរគ្នាឯង ។

សម្ដេចតេជោបញ្ជាក់ថា «សូម្បីតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំត្រូវតវ៉ាឲ្យរដ្ឋមន្រ្តីការបរទេស តវ៉ាទៅវៀតណាម ហេតុអ្វីបានតវ៉ាទៅវៀតណាម មិនមែនរដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែសារព័ត៌មាន VNA របស់វៀតណាម បានចុះផ្សាយដ៏អាក្រក់ពីកម្ពុជា ដែលខ្ញុំមិនខ្លាចទេ» ។

សម្ដេចបន្តថា បើយោងតាមអ្វីដែលស្ថានទូតវៀតណាម ប្រគល់ជូនក្រសួងការបរទេស គឺគណៈការពារសុខភាព របស់វៀតណាមណែនាំ ឲ្យមានការពង្រឹងសុវត្ថិភាព នៃការចេញចូលប្រទេស គ្រប់ជាតិសាសន៍ទាំងអស់ ប៉ុន្តែបែរជាសារព័ត៌មាន VNA របស់វៀតណាមថា រឹតបន្តឹងចំពោះពលរដ្ឋ ដែលមកពីអឺរ៉ុប និងកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អីចឹងកម្ពុជា ចូលក្នុងចំណាត់ថ្នាក់ ដែលត្រូវវៀតណាមដាក់ឲ្យ នៅជាមនុស្សចម្លែក ខ្ញុំអត់ព្រមទេ ខ្ញុំប្រើ ប្រាក់ សុខុន ឲ្យទាក់ទងជាមួយវៀតណាមភ្លាម ។ ទូតវៀតណាមនៅខេត្ត ថាបានដឹងរឿងហ្នឹងហើយ តវ៉ាទៅ ឲ្យគេផ្សាយព័ត៌មានមួយមក ប៉ុន្តែព័ត៌មានដែលផ្សាយរួចហើយ អត់ទាន់បានដក ខ្ញុំថាបើមិនដកទេ សុំធ្វើកំណត់ទូតតវ៉ា ជាមួយវៀតណាមតែម្ដង ហេតុអីបានអ្នកឯងដាក់ប្រទេសខ្ញុំ ទៅជាប្រទេសដែលមានហានិភ័យ សម្រាប់ប្រទេសវៀតណាម» ។

សម្តេចតេជោ ក៏បានឲ្យលោក ប្រាក់ សុខុន ប្រាប់ទូតវៀតណាមថា រឿងនេះនឹងក្លាយទៅបញ្ហា បើសិនជាប្រជាជនកម្ពុជា ប្រតិកម្មវិញ ហើយប្រជាជនកម្ពុជា ក៏អាចបិទព្រំដែនមិនឲ្យវៀតណាម ឆ្លងចូលមកកម្ពុជា ដែលនេះជាការខាតបង់ និងរងគ្រោះទាំងសងខាង ។

សម្តេចក៏បានបន្ថែមថា «ប៉ុន្តែបានដោះស្រាយ ពីម្សិលមិញហើយ VNA គាត់មិនព្រមដកចេញពីវេបសាយ និងសារព័ត៌មានរបសគាត់ ការពិតគណៈការពារសុខភាព ដែលអង្គភាពផ្លូវការរបស់គេ អត់បាននិយាយឈ្មោះកម្ពុជា មួយម៉ាត់ ពីឈ្មោះអឺរ៉ុបមួយម៉ាត់ ក៏ប៉ុន្តែអា VNA នេះវាយកឈ្មោះប្រទេសអឺរ៉ុប និងកម្ពុជា ផ្សាយជាភាសាវៀតណាមផង ជាភាសាអង់គ្លេសផង ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរថា បើយើងភ័យខ្លាចហើយរត់ទៅរក ការព្យាបាលនៅវៀតណាម តើគេឲ្យទៅទេ? បើគ្រាន់តែកម្ពុជា មិនទាន់មានអ្នកឈឺផង សារព័ត៌មានវៀតណាម ចុះផ្សាយអាក្រក់ពីកម្ពុជាទៅហើយ ដោយឡែកនៅថៃ ក៏គេមិនឲ្យយើងចូលដែរ ។ សម្ដេចថា មានតែពង្រឹងជំនឿទុកចិត្ត លើខ្លួនឯងតែម្ដង ហើយប្រសិនបើមានការសង្ស័យ ត្រូវទៅរកពេទ្យ ដើម្បីការពារសុវត្ថិភាពខ្លួនឯងផង គ្រួសារ និងអ្នកដទៃ ។

ចំពោះបញ្ហាកូវីដ១៩នេះដែរ សម្ដេចតេជោ លើកឡើងថា ពេលវេលានេះ ជាពេលវេលាដែល ប្រទេសទាំងអស់ត្រូវសហការគ្នា ដើម្បីត្រួតត្រាសភាពការណ៍ កុំឲ្យរីករាលដាលកាន់តែខ្លាំង ។
សម្ដេចក៏បានអំពាវនាវ ឲ្យប្រទេសទាំងអស់ក្នុងពិភពលោក សូមកុំលាបពណ៌កម្ពុជា ដូចករណីជាក់ស្ដែង ក្នុងពេលដែលកម្ពុជា ធ្វើកិច្ចការមនុស្សដ៏ត្រឹមត្រូវ ចំពោះអ្នកទេសចរគ្រប់ជាតិសាសន៍ លើនាវា Westerdam ដែលជួបនូវវិបត្តិមនុស្សធម៌ ត្រូវបានលាបពណ៌ថា មានស្ត្រីជនជាតិអាមេរិក ឆ្លងវីរុសកូរ៉ូណា បន្ទាបពីចេញពីកម្ពុជា ទាំងដែលគ្មានបញ្ហានេះកើតឡើងសោះ ហើយបញ្ហានេះក៏បានធ្វើឲ្យកម្ពុជា លំបាកមួយរយៈផងដែរ ។

សម្ដេចតេជោ ក៏បានអរគុណដល់ទូតវៀតណាម ដែលបានជួយឲ្យសារព័ត៌មាន VNA ធ្វើការកែតម្រូវលើបញ្ហានេះ បើមិនដូច្នោះទេកម្ពុជា នឹងធ្វើកំណត់ទូតតវ៉ា ទៅវៀតណាមតែម្ដង ។
សម្ដេចថា ក្រៅពីសារព័ត៌មាន VNA ក៏បានសារព័ត៌មានមួយចំនួនទៀត របស់វៀតណាម ក៏បានធ្វើការចុះផ្សាយពីបញ្ហានេះដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី៥ មីនា ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានបញ្ជាក់អំពីស្ថានភាពជនជាតិ ជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19 ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ ប្រទេសវៀតណាម។ តាមលិខិតរបស់លោក អ៊ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំ នៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សា ជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ ពិបាកដកដង្ហើម។ បុរសរូបនេះ បានចាកចេញពី អាកាសយានដ្ឋានសៀមរាប នៅម៉ោង២០៖៥៧ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរជើងហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន ៕ ដោយ៖ ខា ដា

To Top