ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះ នឹងត្រូវរៀបចំ អោយមានភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើសរើស ក្រុមហ៊ុន ដែលមានសមត្ថភាព ពេញលេញ ទាំងបទពិសោធន៍ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ថ្លែងក្នុង ឱកាសនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់មួយ ក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ កំពុងជួបប្រទះ ដែលបញ្ហាទាំងនេះ រួមមានបញ្ហាស្ទះចរាចរណ៍ បញ្ហាស្ទះលូ និងបញ្ហាសំរាម”។
កាលរៀបចំបែនេះ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ បានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយបានដកសិទ្ធិ លើការប្រមូល និងដឹកជញ្ជូនសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី និងបានលុបចោល នូវយន្តការ នៃការប្រមូលថ្លៃសំរាម តាមវិក្តយបត្រអគ្គិសនី ។
លោកអភិបាល រាជធានីភ្នំពេញ បានឲ្យដឹងថា “ដើម្បីរៀបចំកែសម្រួលប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង អោយមានប្រសិទ្ធភាព តាំងពីដើមរហូត ដល់ចប់ បានសេចក្តីថា តាំងពីការបង្កើតសំរាម រហូតដល់ការទុកដាក់ និងការកែឆ្នៃសំរាម រដ្ឋបាលរាធានីភ្នំពេញ ក្រោមការដឹកនាំ ជាគោនយោបាយ និងបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន យើងបានរៀបចំការគ្រប់គ្រងនេះ ជា២ដំណាក់កាល គឺដំណាក់កាល អន្តរកាល និងដំណាក់កាល ក្រោយពេលបានជ្រើសរើស ក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញរួច” ។
លោកបន្តថា សម្រាប់ដំណាក់កាលអន្តរកាលនេះ ការផ្តល់សេវាប្រមូល និងដឹកជញ្ចូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ គឺអនុញ្ញាតអោយក្រុមហ៊ុនស៊ិនទ្រី ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ជាបណ្តោះអាស្នសិន រហូតដល់ មានក្រុមហ៊ុនថ្មី បានមកជំនួស ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការផ្តាស់ប្តូរ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ តាមយន្តការថ្មី គឺការបង់ថ្លៃសំរាម តាមប្រព័ន្ធអេឡិចត្រូនិក ដែលបានចាប់ផ្តើម អនុវត្តទទួលការបង់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ” ។
លោកបន្ថែមទៀតថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះ នឹងត្រូវរៀបចំ អោយមានភាពយុត្តិថម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើរើស ក្រុមហ៊ុនដែលមានសមត្ថភាព ពេញលេញ ទាំងបទពិសោធន៍ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ រាជធានីភ្នំពេញ នឹងត្រូវបែងចែកជា៣តំបន់ សម្រាប់អោយក្រុមហ៊ុន ធ្វើការជ្រើសរើស ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ទៅតាមតំបន់ទាំង៣ផ្សេងៗគ្នា ហើយចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះ នឹងត្រូវឆ្លងកាត់ ជា២ដំណាក់កាល៖ ទី១ ការវាយតម្លៃ ជ្រើសរើសក្រុមហ៊ុនចំនួន ៣ ក្នុងការផ្តល់សេវា តាមតំបន់ដែលបានកំណត់” ។
សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ ធ្វើសន្និសីទនេះឡើង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណង ដើម្បីផ្តល់នូវព័ត៌មានសំខាន់ៗ ដែលនឹងផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយ សម្រាប់ក្រុមហ៊ុន ក្នុងការរៀបចំឯកសារ ចូលរួមដេញថ្លៃ ហើយចំពោះកាលបរិច្ឆេទ នៃការដាក់ពាក្យ ចូលរួមដេញថ្លៃ នឹងចាប់ផ្តើមទទួលពាក្យ ស្នើសុំចាប់ពីនេះតទៅ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦៖០០ នាទីរសៀល។
គួរបញ្ជាក់ថា លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ ទទួលបន្ទុកការងារខាងលើ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្រោមការអញ្ចើញ ចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុន ចំនួន២០ហើយ បានមកយកពាក្យដេញថ្លៃ ប្រមូលសំរាម នៅរាជធានីភ្នំពេញ ៕ ដោយ៖ ដារាត់