ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចែកចាយក្រម៉ា និងសាប៊ូលាង ជម្រះមេរោគ ដល់កម្មករ កម្មការិនី ក្រុមហ៊ុនស៊ីនទ្រី

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់អំណោយជាក្រម៉ា  និងសាប៊ូ ជិត២០០០ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី ដើម្បីឱ្យបងប្អូន បានប្រើប្រាស់ ក្នុងការដុសលាងសំអាត អនាម័យខ្លួនប្រាណ ខណៈពេលដែលពួកគេ បាននឹងកំពុងបំពេញការងារ ជាមួយនឹងសំរាមរាល់ថ្ងៃ។

ការប្រគល់នេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា  ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានផ្ទាល់ លោកឃួង ស្រេង ដែលអំណោយទាំងអស់នេះ មានក្រម៉ាចំនួន១៧០០ក្រម៉ា និងសាប៊ូដុំចំនួន១៧០០ដុំ ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កម្មករ កម្មការិនី​ក្រុមហ៊ុនស៊ីនទ្រី រាល់ថ្ងៃនេះ បានបំពេញការងារយ៉ាងសកម្ម មិនថាយប់ឬថ្ងៃឡើយ ក្នុងការប្រមូល និងដឹកសំរាមចេញ ពីរាជធានីភ្នំពេញ ។ មានន័យថាបងប្អូន​គឺជាអ្នកជួយជ្រោមជ្រែង ធ្វើអោយរាជធានីភ្នំពេញ មានសោភណ្ឌភាព និងបរិស្ថានល្អ ។

លោក ឃួង ស្រេង ក៏បានណែនាំអោយបងប្អូនកម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីទាំងអស់ ត្រូវសំអាតខ្លួនប្រាណជាប្រចាំ ដោយការធ្វើអនាម័យ ខ្លួនប្រាណរស់ថ្ងៃ ការរស់នៅស្អាត ធ្វើអោយយើងមានសុខភាពល្អ និងជៀសផុតពីជម្ងឺផ្សេងៗបាន៕

To Top