ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព របស់អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច ផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ ដោយហេតុផលថា អង្គការមួយនេះបានធ្វើសកម្មភាព ផ្ទុយនឹងប្រការ៨នៃ លក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុក នៅក្រសួងមហាផ្ទៃ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជាពបានបំពេញ តាមការកំណត់ ក្នុងបទប្បញ្ញាតិមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាព ខុសច្បាប់ និងធ្វើឱ្យមានការយល់ច្រឡំ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ។

ទន្ទឹមនឹងការជូនដំណឹង ជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណី និង អាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់ របាយការណ៍សរុប សកម្មភាព ការងារ និង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៧-២០១៨ និង២០១៩ ជូនមក ក្រសួងមហាផ្ទៃ រយៈពេលយូរបំផុត៣០ថ្ងៃ នៃថ្ងៃធ្វើការ ។
ក្នុងករណីមិនអនុវត្ត តាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន ៕

ដោយ ៖ អេង ប៊ូឆេង

To Top