ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ មន្ត្រីនគរបាល នឹងទទួលខុសត្រូវ មុខច្បាប់ នូវសកម្មភាព បំពានច្បាប់ ក្នុងពេល បំពេញមុខងារ

ភ្នំពេញ ៖ ក្រោយពីមហាជនមួយចំនួន បានរិះគន់មន្ដ្រី នគរបាលចរាចរណ៍ នៅពេលអនុវត្តច្បាប់ដែលតែងតែបំពានសិទ្ធិប្រជាពលរដ្ឋនោះ អ្នកនាំពាក្យ ក្រសួង យុត្តិធម៌ លោក គឹម សន្ដិភាព បានអះអាងថា ពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់នូវសកម្មភាព បំពាន ច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន។

យោងតាមមាត្រា៧៤ បានបញ្ជាក់ថា មន្ដ្រីគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធ នាគារពី៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ ពី១០០ ០០០ រៀល ទៅ៨០០ ០០០ រៀល។

ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬបាត់បង់នោះ។

លោក គឹម សន្ដិភាព បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០២ ថា «មន្ត្រីអនុវត្តច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ក្នុងពេល បំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។

សូមជម្រាបថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត កាលពីថ្ងៃ ១ ឧសភា ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ។ ក្នុងនោះសមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស មានចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅ ផងដែរ។

នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ លើកឡើងថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវ គឺអាចធ្វើដំណើរ បានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជា មិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ជាដើម ទើបសមត្ថកិច្ចឃាត់មិនឲ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ»។

សម្ដេចបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើន យ៉ាងគំហុក កាលពីឆ្នាំកន្លងទៅដែលបាន បណ្ដាលឲ្យមាន អ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំង នៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម ហើយមាន សន្តិភាព និងការអភិវឌ្ឍ ទៅហើយនោះ៕

ដោយ ៖ អេង ប៊ូឆង

To Top