ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ជំរុញទូតកម្ពុជា ប្រចាំប្រទេសនានា ត្រូវតម្កល់ផល ប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាត ឲ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មី ប្រចាំបណ្តាប្រទេសនានា ចូលជួបសម្តែង ការគួរសម និង ទទួលអនុសាសន៍ណែនាំ មុនចេញទៅបំពេញ បេសកកម្មនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានផ្តាំផ្ញើថា ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណា ក៏ដោយត្រូវរក្សាការពារ លើកតម្លៃជាតិ ដោយត្រូវពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគី កាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រទេសជាតិ ។

ឱកាសនោះ សម្តេចថា ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ ផ្សព្វផ្សាយឲ្យបរទេស ស្គាល់កម្ពុជា ច្បាស់ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីអត្តសញ្ញាណរបស់ជាតិ ដែល មានវប្បធម៌ផូរផង់ តាំងពីសម័យអង្គរមក។

សម្តេចបានជំរុញដល់ឯកអគ្គរាជទូតទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានគ្នាទៅវិញទៅមក រវាងស្ថានទូតនិងប្រជាពលរដ្ឋខ្មែរ។

ឯកអគ្គរាជទូតដែលទើបតែងតាំងរួមមាន ៖ ១- លោកកាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ២- លោ តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី ៣- លោក មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី ៤- លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ៥- លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៦- លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ៧- លោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ៨- លោក អុីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ៩- លោកសុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី។

សម្តេចហេង សំរិន មានក្តីសង្ឃឹមយ៉ាងមុតមាំថា ទូតទាំងអស់នឹងប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច សក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត៕ ដោយ ស សំណាង

To Top