ព័ត៌មានជាតិ

លោក ស ថេត ប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាលជាតិ១៧៤នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ចំនួន ១៧៤ នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

បន្ទាប់ពីការបំពាក់សក្តិត្រូវបានបញ្ចប់ តំណាងមន្ត្រីតាំងស៊ប់បានឡើងបានប្តេជ្ញាចិត្ត ក្នុងនាមមន្ត្រីតាំងស៊ប់ទាំង១៧៤នាក់ ការពារ នឹងស្មោះត្រង់ជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពារចំពោះរាជរដ្ឋាភិបាលស្របច្បាប់មន្ត្រីទាំង១៧៤ ត្រូវបានបែងចែកទៅការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌ និងបណ្តាប៉ុស្តិ៍ចំណុះអធិការខណ្ឌ ។

ក្នុងឱកាសនោះដែលស្នងការ បានផ្តល់ជាមតិណែនាំល្អៗជាច្រើនដល់មន្ត្រីថ្មី ៖

១. ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ

២. ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ

៣. ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ

៤. ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រើការងារនៅទីនោះ

៥. ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណ:ឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូន​ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

៦. ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ

៧. ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ

៨. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបើក ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់

៩. ហាមដាច់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេសគឺគ្រឿងញៀន

១០. ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី

១១. ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕

To Top