ព័ត៌មានជាតិ

ក្រសួងការងារ ពន្យារពេល ទូទាត់ប្រាក់បំណាច់ អតីតភាពការងាររបស់កម្មករ

ភ្នំពេញ ៖ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យារពេល ក្នុងការបើករំលឹកប្រាក់បំ ណាច់អតីតភាពការងារ ដែលមានមុន ឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារថ្មី ក្នុងឆ្នាំ ២០២០។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បាន បញ្ជាក់ថា «ការបើកប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុន ឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង) និងប្រាក់បំណាច់អតីតភាព ការងារថ្មី ក្នុងឆ្នាំ២០២០ (សម្រាប់គ្រប់វិស័យ) ត្រូវបានពន្យារពេល ក្នុងការអនុវត្ត ទៅឆ្នាំ ២០២១»។

ក្រសួងបន្ដថា អំឡុងពេល នៃការពន្យារការអនុវត្តនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវទាត់ប្រាក់ រំលឹកប្រាក់បំណាច់ អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារ ថ្មី ក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យា ការងាររបស់កម្មករនិងយោជិក លើកលែង តែការបញ្ចប់កិច្ចសន្យា ដោយកំហុសធ្ងន់របស់កម្មករ និយោជិត ឬកម្មករ និយោជិត លាឈប់ពីការងារដោយឯកឯង៕

ដោយ ៖ អេង ប៊ូឆេង

To Top