ព័ត៌មានជាតិ

ក្រសួងចាត់ទុកបុគ្គលមួយក្រុមតូច ដែលសម្ដែងស្រឡាញ់បរិស្ថាន គ្រាន់ជាលេសបិទបាំងឧបាយកលទុច្ចរិត

ភ្នំពេញ ៖ ក្រសួងបរិស្ថានសម្ដែងការសោកស្ដាយ ចំពោះក្រុមមួយចំនួនតូចចេញមកសម្តែងធ្វើជាអ្នក ការពារបរិស្ថាន ដោយបានធ្វើសកម្មភាព ទាមទាឲ្យមានការសង្គ្រោះតំបន់កោះកុងក្រៅនៃខេត្ត កោះកុងដាក់ជាតំបន់ការពារ ។

ចំណុចនេះ ក្រសួងថា គ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។

ការលើកឡើងរបស់ក្រសួងបែបនេះ បន្ទាប់ពីកាលពី យុវជនមាតាធម្មជាតិមួយក្រុមដាក់ចេញយុទ្ធនាការជិះកង់ពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ ញត្តិនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់បញ្ចូលកោះកុងក្រៅជាតំបន់ការពារ។ យុទ្ធនាការជិះកង់ដាក់ញត្តិរបស់ក្រុមយុវជនមាតាធម្មជាតិនេះ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣ មិថុនា បញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបាន យកចិត្តទុកដាក់ខ្ពស់លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា «ឧទ្យាន ជាតិសមុទ្រ»ព្រោះសំបូរដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារនិងអភិរក្ស។

ក្នុងគម្រោងផែនការ ក្រសួងរំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»នៅឆ្នាំ ២០២១ ខាងមុខ ក្រោយការបញ្ចប់ការសិក្សារួចរាល់។

ក្រសួងសង្ឃឹមថា ក្រុមជនមួយចំនួនតូចនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែងនិងធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយ៕

ដោយ៖ធី លីថូ

To Top