ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ប្រាប់ទូតទើបតែងតាំងថ្មី ចំនួន៩រូប ថា ត្រូវក្តាប់ឲ្យជាប់ នូវនយោបាយ ការបរទេសកម្ពុជា

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានប្រាប់ទូតទើបតែងតាំងថ្មី ចំនួន៩រូប ថា ត្រូវក្តាប់ឲ្យជាប់នូវ នយោបាយការបរទេសរបស់កម្ពុជា ហើយចាត់តាំងអនុវត្តឲ្យបានដំណើរ ការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។

ក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មី ប្រចំាប្រទេសនានា ចំនួន៩រូប កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការព្រឹទ្ធសភា សម្ដេច សម្តេច សាយ ឈុំ បានផ្ដល់អនុសាសន៍ ណែនាំមុននឹងចេញដំណើរ ទៅបំពេញភារកិច្ច ដូចជា ៖

ទី១-ត្រូវក្តាប់ឲ្យជាប់ នូវនយោបាយការបរទេសរបស់កម្ពុជា ហើយចាត់តាំងអនុវត្តឲ្យបាន ដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។

ទី២-សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងប្រទេសសាមី។

ទី៣-ក្តាប់ជាប់គ្រប់សភាពការណ៍ របស់ប្រទេសជាតិ ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមាន ការពាក់ព័ន្ធនឹងប្រទេសជាតិ សំដៅ និងបង្កលក្ខណងាយស្រួលសម្រាប់ ក្នុងការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេសដែលខ្លួនធ្វើការ។

ទី៤-សូមយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេស ហើយជូន ព័ត៌មានទាំងអស់នោះមកដល់ប្រទេសជាតិវិញ ដើម្បីជ្រាប់រឺក៏ដើម្បី មានគោល ការណ៍ និងវិធាន ការជាការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយ នឹងបណ្តា ប្រទេសទាំងអស់នោះ។

និងទី៥-សូមខិតខំប្រឹងប្រែង ឲ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹក នាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការ ផ្លាស់ ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស ។ដើម្បីជាគុណ ប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាគុណប្រយោជន៍ប្រទេសកម្ពុជា។

សម្ដេចបន្ដថា បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួល យ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុ ងការធ្វើ នយោ បាយការទូតជាមួយ បណ្តាប្រទេសទាំងអស់ ទាំងក្រខណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំង ជាមួយស្ថាប័នអន្តរជាតិនានា ត្រូវគិតគូរពិចារណា ឱ្យបានម៉ត់ចត់ ជាពិសេសមុន ធ្វើអ្វី មួយ ត្រូវមានការរាយការណ៍ សុំយោបល់ណែនាំ ពីក្រសួងអាណាព្យាបាល រឺពីរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។

នៅក្នុងឱកាសនោះ លោក កាន់ ផារិទ្ឌ តំណាងឯកអគ្គរាជទូតទំាងអស់ បានប្តេជ្ញាចិត្ត នៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំប្រឹងប្រែង បម្រើប្រទេសជាតិ និងប្រជាព លរដ្ឋខ្មែរ បំពេញការងារការទូត ដើម្បីពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងទ្វេភាគី ពហុភាគី ជំរុញការងារការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិខ្មែរ ដែលជាកិច្ចការ មួយថ្មីដើម្បីផ្សព្វផ្សាយ អំពីការរីកចម្រើន សក្តានុពលនៃវប្បធម៌ ប្រពៃណីជាតិដ៏ថ្លៃថ្លា ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ការពារបូរណភាពទឹកដី ការពារឯករាជ្យភាព ពន្យល់អំពីឆន្ទៈល្អបរិសុទ្ធ និងសភាពការណ៍ពិត នៃព្រះរាជាណាចក្រកម្ពុជា ការពារផល ប្រយោជន៍នៃប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលកំពុងធ្វើការនៅក្រៅប្រទេស។

សូមរំលឹកថា សមាសភាពឯកអគ្គរាជទូតថ្មីទាំង៩រូប រួមមាន ៖ លោក កាន់ ផារិទ្ឌ ឯកអគ្គរាជ ទូត ប្រចាំអង់គ្លេស ,លោក តាន់ វុដ្ឋា ឯកអគ្គរាជទូត ប្រចាំស៊ែប៊ី ,លោក មាស គឹមហេង ឯកអគ្គរាជទូត ប្រចាំតួកគី ,លោក កេត សោផាន់ ឯកអគ្គរាជទូត ប្រចាំរដ្ឋបារាំង ,លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូត ប្រចាំឡាវ ,លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូត ប្រចាំកូរ៉េ ,លោកស្រី ផែន សាវនី ឯកអគ្គរាជទូត ប្រចាំអាល្លឺម៉ង់ ,លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូត ប្រចាំ ឥណ្ឌូនេស៊ី និងលោក សុខ ខឿន ឯកអគ្គរាជទូត ប្រចាំសិង្ហបុរី៕

ដោយ ៖ អេង ប៊ូឆេង

To Top