ភ្នំពេញ៖ ធ្លាប់រួមសុខទុក្ខជាមួយគ្នា កាលពីអតីតកាល លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ បានធ្វើការទស្សន៍ទាយទុកជាមុនថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចវិលត្រឡប់ចូលរួម ការប្រកួតប្រជែងបានឡើយ។
ជាមួយគ្នានេះ លោកបានហៅលោក សម រង្ស៊ី ប្រធានផ្លេកបន្ទោររបស់អតីត CNRP និងបច្ចុប្បន្ន (ជាប្រធានស្តីទី មិនគ្រប់ទឹក)នៃ CNRP-O (អូកាច់) និងលោកកឹម សុខា ជាប្រធានCNRP-IN (អិនកន្ទុយក្បាច់) ដើរនយោបាយមិនស៊ីធ្លុងគ្នា ធ្វើឲ្យប្រជាធិបតេយ្យដំណើប និងខ្សាយរាត់រាយអស់។
តាមរយៈបណ្តាញសង្គម ហ្វេសប៊ុកនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយបង្ហាញរូបថត មួយសន្លឹកជាមួយលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីបក្សប្រឆាំងលោក បានរៀបរាប់ថា ដើម្បីតែមហិច្ឆិតា (ផ្លាស់ប្តូរ-ផ្តួលរំលំ) រំពឹងថា អន្តរជាតិ សហរដ្ឋអាមេរិក ប្រើសម្ពាធ ច្បាប់នេះ ច្បាប់នោះ EBA GSP បង្ខំឲ្យដោះលែង ឲ្យទម្លាក់ចោលការចោទប្រកាន់ ឲ្យ CNRP ដំណើរការឡើងវិញ ឲ្យប្រគល់សងតំណែងជាប់ឆ្នោត កុំទៅបោះឆ្នោត ដេកផ្ទះឈ្នះឯង មិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ រដ្ឋាភិបាលក្លែងក្លាយ។ តែការពិតទាំងអស់នេះគ្មាន បានប្រយោជន៍ណាមួយទេ។
លោកថា ឥឡូវនីតិកាលទី៥ (ឆ្នាំ២០១៨-ឆ្នាំ២០២៣) និងកាលកំណត់រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលថ្មីនៅឆ្នាំ២០២៣ ជិតមកដល់ហើយ តើនរណាខ្លះនៅជឿជាក់ នៅចាំជាប់ថាអតីត CNRP មានវត្តមានឡើងវិញ សងតំណែង និងប្រាក់រម្លឹកវិញ ។
លោកបញ្ជាក់ថា “ប្រធានស្តីទី(អូកាច់) និងប្រធាន (អិនកន្ទុយក្បាច់) បានត្រឹមតែឈ្នះក្នុងចិត្ត និងទទួលយុត្តិធម៌ក្នុងចិត្ត មិនវិលត្រឡប់ទេ (ពិសេសនៅឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ)” ។
លោកបានដៀមដាមឲ្យលោក សម រង្ស៊ី បន្តថា ជា មេដឹកនាំ និងក្រុមនយោបាយជ្រុលនិយម ចិត្តទេវទត្តមាត់ទេវតា មានវប្បធម៌ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ប្រើតែនយោបាយឈឺសាច់ សាបព្រួសទុក្ខទោសចំពោះសកម្មជន ប្រជាពលរដ្ឋជាបន្តបន្ទាប់គ្មានស្រាកស្រាន្ត ដើម្បីតែមហិច្ឆតាអំណាចបុគ្គល និងក្រុមខ្លួន ៕