ព័ត៌មានជាតិ

វិភាគ: ព័ត៌មានក្លែងក្លាយ ពីវីរុសCovid-19 កំពុងធ្វើអោយ មនុស្សនៅតំបន់អាស៊ី ភ័យខ្លាច និងភាន់ច្រឡំ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ AFP របស់ប្រទេសបារាំង បានចុះផ្សាយកាល ពីថ្ងៃអង្គារ ទី០៩ ខែមិថុនានេះថា នៅពេលបច្ចុប្បន្ននេះ ម្ចាស់គណនីបណ្តាញសង្គម មួយចំនួននៅបណ្តាប្រទេសក្នុងតំបន់អាស៊ី កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើគេហទំព័ររបស់ខ្លួន ស្តីពីការឆ្លងរាលដាលនៃវីរុសCovid-19 ដែលនាំអោយមានការ ភ័យខ្លាច និងភាន់ច្រឡំ ពាក់ព័ន្ធនឹងមនុស្សឆ្លង ឬមនុស្សបាត់បង់ជីវិត ដោយសារវីរុសនេះ ។

ជាឧទាហរណ៍ នៅក្នុងប្រទេសហ្វីលីពីននា ខែមេសាកន្លងទៅ រូបភាពវីដេអូមួយត្រូវបានចែកចាយលើបណ្តាញសង្គម Facebook និងមានមនុស្សចូលមើល ច្រើនពាន់នាក់ ដែលរូបភាពវីដេអូនោះបានបង្ហាញ ពីបុរសម្នាក់រងការវាយ ដំពីប៉ូលិស ដោយសារតែរូបគេមិនព្រមឈប់ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយដែល បង្កើតឡើងក្នុងក្របខណ្ឌ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ។

តែតាមពិតទៅ រូបភាពវីដេអូនោះគ្រាន់តែជា ការហ្វឹកហាត់របស់ប៉ូលិស ហ្វីលីពីនប៉ុណ្ណោះ មិនមែនជាចំណាត់ការរបស់ ប៉ូលីសក្នុងយុទ្ធនាការទប់ស្កាត់ការ ឆ្លងរាលដាននៃវីរុសCovid-19នោះទេ តែទោះជាយ៉ាងនេះក្តី ប្រតិកម្មប្រឆាំង និងគាំទ្របានកើតមានយ៉ាងផុសផុលពេញបណ្តាញ សង្គមបាត់ទៅហើយ ប៉ុន្តែនេះ គឺជាព័ត៌មានក្លែងក្លាយមួយក្នុងចំណោមព័ត៌មានក្លែងក្លាយ ជាច្រើនទៀត ដែលត្រូវបានផ្សព្វផ្សាយនៅប្រទេសហ្វីលីពីន ពាក់ព័ន្ធនឹងការឆ្លងរាលដាល នៃវីរុសCovid-19 ។

នៅក្នុងប្រទេសថៃ មានមនុស្សរាប់ពាន់នាក់បានចូលមើលរូបភាពវីដេអូមួយ បង្ហាញពីហ្វូងមនុស្សនៅប្រទេសម៉ាឡេស៊ី ដែលនាំគ្នាផ្អើលឈូឆរទៅទិញម្ហូបអាហារស្តុកទុក បន្ទាប់ពីរដ្ឋាភិបាលចាត់វិធានការដាក់បទបញ្ជាអោយមនុស្សនៅតែក្នុងផ្ទះ និងមិនឲ្យចេញពីផ្ទះ ហើយសំណេររបស់ម្ចាស់គណនី Facebook នៅប្រទេសថៃនោះ បានសរសេរពីក្តីបារម្ភរបស់ខ្លួន ខ្លាចមានរឿងរ៉ាវដូចគ្នានេះដែរនៅលើទឹកដីងៃ ដែលពិបាកនឹងចេញទៅក្រៅដើម្បីទិញអាហារទទួលទាន ។

តែតាមពិតទៅ រូបភាពវីដេអូនោះត្រូវបាន ថតនៅក្នុងប្រទេសប្រេស៊ីលកាល ពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក្នុងពេលដែលមនុស្សដណ្តើម គ្នាទិញទំនិញចុះថ្លៃក្នុងថ្ងៃ Black Friday សោះ ហើយក្នុងប្រទេសថៃ វីដេអូនេះ ត្រូវបានបង្ហោះចំពេលដែលរដ្ឋាភិបាលថៃ ចាត់វិធានការតឹងតែងកាលពីខែមីនា ដើម្បីទប់សា្កត់ការឆ្លង រាលដាលវីរុសCovid-19 ដែលហាក់ដូចជាត្រូវគ្នា នឹងរូបភាពវីដេអូនោះ ។

ការបង្ហោះព័ត៌មានក្លែងក្លាយ ប្រហាក់ប្រហែលគ្នានេះ ក៏មាននៅនៅក្នុងប្រទេសឥណ្ឌាដែរ ដែលព័ត៌មានក្លែងក្លាយមួយ ត្រូវបានបង្ហោះចែកចាយយ៉ាង ពេញទំហឹងលើបណ្តាញសង្គម កាលពីខែមីនា ឆ្នាំនេះ ពោលគឺចំពេលដែលរដ្ឋាភិបាលឥណ្ឌា បានចាត់វិធានការដាក់បទបញ្ជាអោយមនុស្សនៅទូទាំងប្រទេស នៅតែក្នុងផ្ទះ និងមិនឲ្យចេញពីផ្ទះ ។

ក្នុងចំណោមព័ត៌មានក្លែងក្លាយ រួមមាន បទបរិហារកេរ្តិ៍នយោបាយ ពាក្យចចាមអារ៉ាមស្តីពីការបង្ខាំងមនុស្សតឹងតែង និងពាក្យចចាមអារ៉ាមដែលមានគោលដៅញុះញង់ឲ្យមានភាពតានតឹងខាងសាសនា ដែលជាក់ស្តែង មានអ្នកចូលមើល និងចែកចាយរូបភាពវីដេអូមួយដែលបង្ហាញពីក្រុមអ៊ីស្លាមជ្រុលនិយមឥណ្ឌាកំពុងប្រើពូថៅសម្លាប់អ្នកកាន់សាសនាហិណ្ឌូម្នាក់ ប៉ុន្តែតាមពិតទៅ រូបភាពវីដេអូនោះ គឺជារូបភាពនៃការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានឯណោះសោះ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារមានហេតុផល៣យ៉ាង ដែលម្ចាស់គណនីនៅតាមបណ្តាញសង្គម Facebook បានបង្ហោះព័ត៌មានក្លែងក្លាយ ឬបានបង្ហោះវីដេអូក្លែងក្លាយទាំងនោះ គឺទី១ ម្ចាស់គណនីចង់បំប៉ោងព័ត៌មាន ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃវីរុសCovid-19 ឬចង់អោយគណនីរបស់ខ្លួនល្បីល្បាយតាមរយៈការបង្ហោះព័ត៌មាន ឬវីដេអូដែលស្របនឹងស្ថានភាពក្នុងស្រុក ។

ហេតុផល៣យ៉ាងនោះគឺ ដែលលើកទឹកចិត្ត ឬជំរុញម្ចាស់គណនីមួយចំនួនឲ្យផ្សព្វផ្សាយព័ត៌មានមិនពិតនោះ គឺទី១ ម្ចាស់គណនីមានឆន្ទៈបង្ខូចកិត្តិយស និងកិត្យានុភាពរបស់រដ្ឋាភិបាលដែលខ្លួនមិនពេញចិត្ត ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម ។

ទី២ មានឆន្ទៈញុះញង់រុញច្រានជម្លោះ មួយឲ្យកាន់តែធ្ងន់ធ្ងរ ដូចយ៉ាងជម្លោះសាសនាជាដើម និងទី៣ គ្រាន់ជាការលេងសើចប៉ុណ្ណោះ ប៉ុន្តែទោះជាក្រោមហេតុផលណាមួយក៏ដោយ ចេតនា ឬអចេតនា ក៏ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបានអ្នកលេងបណ្តាញសង្គមនាំគ្នាយកទៅចែកចាយបន្តយ៉ាងព្រោងព្រាតរហូតមានអ្នកខ្លះជឿជាព័ត៌មានពិតទៀតផង ។  

សន្និដ្ឋាន៖ ហេតុអ្វីព័ត៌មានក្លែងក្លាយពីវីរុសCovid-19 ត្រូវបានបង្ហោះច្រើនម្លេះ ?

លោក អាឡិច ព្រួន (Axel Bruns) សាស្រ្តាចារ្យនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Queensland ក្នុងប្រទេសអូស្រ្តាលី បានទម្លាក់កំហុសលើរដ្ឋាភិបាលនៅក្នុងប្រទេសខ្លះ ដែលមិនបានផ្តល់ព័ត៌មានលំអិតស្តីពីវិធានការបិទខ្ទប់ និងគ្មានសមត្ថភាពក្នុងឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាជនខ្លួនជុំវិញការឆ្លងរាលដាលនៃវីរុសCovid-19 ។

តាមលោក Bruns ចរាចរណ៍ព័ត៌មានក្លែងក្លាយបានកើនឡើខ្លាំងក្នុងរយៈពេលមួយ ដែលមនុស្សព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់គេពាក់ព័ន្ធនឹងវីរុសCovid-19 ដូចយ៉ាងតើត្រូវធ្វើយ៉ាងម៉េចដើម្បីការពារការឆ្លងវីរុសCovid-19 ឬមួយក៏ថា តើជំងឺផ្លូវដង្ហើមមួយនេះឆ្លងដូចម្តេច និងឆ្លងដោយរបៀបណាខ្លះ ដែលជាកង្វល់ផ្ទាល់របស់ប្រជាជន ។

តែនេះមិនមែនចង់និយាយថា ព័ត៌មានដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមសុទ្ធសឹងជាព័ត៌មានក្លែងក្លាយទាំងអស់នោះទេ តែអ្វីដែលមនុស្សគ្រប់រូបត្រូវដឹង មុននឹងចែកចាយបន្តនូវព័ត៌មានណាមួយនៅលើបណ្តាញសង្គម គឺត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពរបស់វាឲ្យបានច្បាស់លាស់ ព្រោះព័ត៌មានក្លែងក្លាយបង្កឲ្យមានភាពមិនប្រាកដប្រជា និងក្តីបារម្ភយ៉ាងខ្លាំងនៅក្នុងចំណោមមហាជន ។

ផលប៉ះពាល់

កាងបង្ហោះព័ត៌មានក្លែងក្លាយ Fake News ធ្វើអោយប៉ះពាល់ច្រើនណាស់ ដល់សង្គម និងប្រទេសជាតិ ដោយសារតែប្រជាពលរដ្ឋ យល់ច្រឡំ និងគិតថាជាព័ត៌មានពិត ដែលរដ្ឋាភិបាលធ្វើហួសហេតុ ឬមិនដោះស្រាយ តែតាមពិតជាព័ត៌មានក្លែងក្លាយសោះ ។

Fake News អាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ អាចប៉ះពាល់ដល់សន្តិសុខសង្គម អាចធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ច និងអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅក្នុងប្រទេសមួយ ដោយសារតែប្រជាពលរដ្ឋយល់ខុសពីការទទួលបានព័ត៌មានក្លែងក្លាយ ៕ ដោយៈ អ៊ិន ជិន

To Top