ព័ត៌មានជាតិ

ត្រឹមថ្ងៃ១២ មិថុនា មានអ្នកពុលស្រា៤១នាក់ និងស្លាប់៧នាក់ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ មានអ្នកពុលស្រានៅខេត្តបន្ទាយមានជ័យ ចំនួន៤១នាក់ និងស្លាប់៧នាក់ ផងដែរ។

កាលពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២០ មានករណីពុលស្រាថ្នាំចិនសែ យីហោ «ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើង នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

លោកស្រី ឱ វ៉ាន់ឌីន បានលើកឡើងក្នុង តេឡេក្រាម គ្រុបអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ថា «ខ្ញុំសូមជម្រាបជូនថា ករណីពុលស្រាយីហោ ស្រាថ្នាំចិនសែតាំងគួយ ដែលនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង៥ល្ងាច គឺមានអ្នកពុលស្រាថ្នាំ ចិនសែតាំងគួយ ទាំងអស់ ៤១នាក់ ស្រី ចំនួន៣នាក់ ហើយអ្នកស្លាប់ចំនួន៧នាក់ សុទ្ធជាបុរស ហើយអ្នកកំពុងសម្រាកនៅមន្ទីរ ពេទ្យ៣៤នាក់»។

លោកស្រីរៀបរាប់ថា ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺ ទាំង៣៤នាក់មាននៅមន្ទីរពេទ្យមង្គលបុរី៩នាក់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត១៦នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន ២នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺនៅផ្ទះ ចំនួន៧នាក់។ ដោយឡែក អ្នកជំងឺ លាងឈាម នៅមន្ទីរពេទ្យខេត្តសៀមរាប មានស្ថានភាពជំងឺ ល្អប្រសើរ។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមឆ្លើយតបមន្ទីរ សុខាភិបាលខេត្តបន្ទាយមានជ័យ កំពុងបន្ដចុះអប់រំអំពី បញ្ហាសុខភាព ។លោកស្រី ក៏ធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ កុំពិសារស្រាដែលគ្មានប្រភពច្បាស់លាស់។

សូមរំលឹកថា កាលពីថ្ងៃទី១១ មិថុនា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់អាជីវករលក់ដូរទំនិញ ឲ្យផ្អាកការលក់ប្រភេទស្រាថ្នាំ ឈ្មោះ ចិនសែ តាំងគួយ នៅគ្រប់បណ្ដាទីផ្សារ ទាំងអស់ និងតាម លំនៅឋានមានដាក់តាំងលក់ ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការ ពីរដ្ឋបាលខេត្ត៕ ដោយអេង ប៊ូឆេង

To Top